ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបឡើងថ្មីប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន

ដោយ : បន្ទាយ
សៀមរាប : នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបម្សិលមិញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មានការរៀបចំប្រារព្ធ ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបថ្មី ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  និងមានការអញ្ជើញចូលរួមពីអ្នកមុខអ្នកការ មន្ត្រីរាជការក្នុងខេត្ត ក្រៅខេត្ត ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ  លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

ក្នុងឱកាសនាពេលនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទើបតែងតាំងថ្មីថា៖

– អំពីការគ្រប់គ្រងផ្ទៃក្នុងកងរាជអាវុធហត្ថ : ទី១-ការគ្រប់គ្រងមនុស្ស សូមយកចិត្តទុកដាក់អប់រំបងប្អូនជាប្រចាំ។ ទី២-ការគ្រប់គ្រងថែរក្សាមធ្យោបាយគ្រឿងបំពាក់ សូមបង្ការការឆេះខូចឬបាត់បង់។ ទី៣ -ការកសាងអង្គភាព សូមថែក្សាអចលនទ្រព្យដែលមានស្រាប់និង កែលម្អឬសាងសង់ថ្មីទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

– អំពីរបៀបរបបធ្វើការងារ : ទី១- ត្រូវគ្រប់គ្រងឲ្យជាប់នូវព័ត៌មាន ទី២-ត្រូវមានផែនការការងារ ទី៣-មានផែនការត្រូវចាត់តាំងអនុវត្ត និងមានការត្រួតពិនិត្យដើម្បីកែតម្រូវ ហើយមានការលើកទឹកចិត្ត។

– ការអនុវត្តតួនាទីមន្ត្រីនគរបាលយុត្តិធម៌ សូមយកចិត្តទុកដាក់ផ្នែកនីតិវិធី និងរៀបចំកន្លែងឃាត់ខ្លួនបណ្តោះអាសន្នត្រូវតាមស្តង់ដា។

ឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបទើបតែងតាំងថ្មី បានប្តេជ្ញាយ៉ាងមុតមាំថា៖

១- ប្តេជ្ញា! ស្មោះត្រង់អស់មួយជីវិត និងចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ​ ឱ្យបានស្ថិតស្ថេរគង់វង្ស ជាដាច់ខាត ។

២- ប្តេជ្ញា! ចងចាំជានិច្ច និងចូលរួមការពារ ជាដាច់ខាត នូវសន្តិភាពដែលទទួលបានមកដោយលំបាក ដោយផ្តើមចេញ ពីវីរភាព របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ដែលសម្តេចហ៊ានយកជីវិតធ្វើដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតអាចជួយ ប្រជាជនកម្ពុជាឲ្យរួចជីវិតផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់ អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុង នាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ និងជាពិសេស សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ហើយបានស្តារនូវស្ថានភាពកម្ពុជាឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជា។

៣-​ ប្តេជ្ញា! ចូលរួមការពារនិងអនុវត្ត នូវគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។

៤- ប្តេជ្ញា! គោរពប្រតិបត្តិ និងអនុវត្តតាម រាល់អនុសាសន៍ បទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យបានល្អ ។

៥- ប្តេជ្ញា! រឹតចំណងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការល្អជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំដៅពង្រឹងប្រសិទ្ធភាពការងារ ឱ្យបានល្អ ៕