ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖អ្នកស្រុកនៅឃុំថ្មពួក ស្រុកថ្មពួកនិងនៅឃុំ/ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បន្តធ្វើពិធីសុំទឹកភ្លៀង ដោយមកទល់ពេលនេះអាកាសធាតុក្នុងកូនរដូវប្រាំងដែលអូសបន្លាយនេះបន្តក្តៅហួតហែង គ្មានភ្លៀងបង្អុរមកនិងប៉ះពាល់ ខូចខាតដំណាំ។
ប្រភពព័ត៌មានអោយដឹងនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ ថា: ការប្រារព្ធពិធីតាមទម្លាប់និងជំនឿរបស់អ្នកស្រុកតំបន់ជនបទនោះ បានផ្លាស់ប្តូរខ្លះ គឺមិនដូចពិធីនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកកាលពីថ្ងៃទី៩ខែសីហាទេ ។
អ្នកស្រុកនៅភូមិកសិណឃុំថ្មពួកបានដង្ហែគ្នាទៅជួបជុំនៅប្រសាទកសិណរួចធ្វើពិធីនិមន្តព្រះសង្ឃសូត្រធម៌និងប្រោសត្រីរ៉ស់ធំៗដែលគេយកមកដាក់ក្នុងទឹកខ្ចប់សំពត់ប្លាស្ទិច។
ក្នុងនោះមានចាស់ទុំបានសម្តែងចាក់ក្បាច់និងស្រែកប្រកាសសុំទឹកភ្លៀង ហើយអ្នកចូលរួមបាននាំគ្នាអង្អែលត្រីនិងក្បង់ទឹកដែលប្រោសត្រីនោះជះលើគ្នា ដែលជានិមិត្តរូបនាំលាភសំណាង នាំទឹកភ្លៀងអោយជោកជាំបានស្រោចស្រពផលដំណាំស្រូវ ដំណាំចម្ការ ក៏ដូចជាមានទឹកសម្រាបមនុស្សសត្វប្រើប្រាស់និងផឹក ។
សូមរំលឹកថា អ្នកស្រុកនៅឃុំបន្ទាយឆ្មារ កន្លងមកមកបានធ្វើពិធីដង្ហែនាងមៀវឬឆ្មាដាក់ក្នុងទ្រូនិងជះទឹកអោយឆ្មាទទឹក រងារញ័រញាក់ដើម្បីសុំទឹកភ្លៀង។ប៉ុន្តែវា មិនបានលទ្ធផលដុំកំភួនទេ ពោលគឺមិនបានទឹកភ្លៀងធ្លាក់មកល្មមអោយដំណាំអាចរស់និងលូតលាស់បានទេ ។
ស្រដៀងគ្នានេះដែរ អ្នកស្រុកនៅភូមិពន្សាយលិចឃុំ/ស្រុកស្វាយចេក បាននាំគ្នាប្រារព្ធពិធីសុំទឹកភ្លៀងនៅអាងអន្លង់រុត ជាអាងទឹកដ៏ធំមួយ(តែមិនទាន់មានទឹក) នៅខាងលិចសាលាស្រុក។
ពិធីនោះ ស្រដៀងនឹងពិធីរបស់អ្នកស្រុកបន្ទាយឆ្មារដែរ ។
ពិធីលើកនេះ ក៏មិនបានផលនៅឡើយដែរ ដោយមានភ្លៀងមេតូចៗបានធ្លាក់មកខ្លះៗ មិនបានសើមដីធ្លី ។
សូមរំលឹកថា អ្នកស្រុកអាយនៅជនបទនៅភូមិ ឃុំ ស្រុកខ្លះនៃខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ…តែងធ្វើពិធី”សុំទឹកភ្លៀង”តាមទំនៀមទម្លាប់ ជំនឿរបស់ខ្លួននៅរៀងរាល់ឆ្នាំ បើសិនជាឡើងកំដៅផែនដីឬប្រែប្រួលអាកាសធាតុ ក្តៅហួតហែង គ្មានភ្លៀងធ្លាក់ដើម្បីបានទឹកស្រោចស្រពដំណាំនិងទឹកសម្រាប់មនុស្ស សត្វប្រើប្រាស់និងផឹក ៕