ប្រែសម្រួល៖ រតនា
ហាណូយ៖ លោក To Lam ប្រធានាធិបតីដែលទើបនឹងតែងតាំងរបស់វៀតណាមនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃដើម្បីស្តាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់ផ្លូវដែក។
នេះគឺជាការធ្វើដំណើរក្រៅប្រទេសជាលើកដំបូងរបស់លោក Lam ចាប់តាំងពីគាត់បានក្លាយជាប្រធានបក្សកុម្មុយនីស្តកាលពីដើមខែនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping ដោយរំពឹងថានឹងស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មវៀតណាម និងការវិនិយោគក្នុងកម្រឹតខ្ពស់។
រួមជាមួយនិងការពន្លឿនផែនការសាងសង់ខ្សែរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសចិនទៅកាន់ទីក្រុងហាណូយ និងទីក្រុងកំពង់ផែសំខាន់ៗរបស់វៀតណាម។
វៀតណាមគ្រោងនឹងបញ្ចប់គម្រោងផ្លូវដែកល្បឿនលឿនចំនួនពីរនៅឆ្នាំ ២០៣០ ខណៈដែលប្រទេសនេះសម្លឹងមើលលើការធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូនដ៏ចំណាស់របស់ខ្លួន និងជួយសម្រួលដល់ពាណិជ្ជកម្មជាមួយប្រទេសជិតខាងនៅភាគខាងជើងរបស់ប្រទេស។
- សារៈសំខាន់នៃដំណើរទស្សនកិច្ច
លោក Lam បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីខែឧសភា បន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងកម្ពុជា។
ប៉ុន្តែចិនគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់បុរសវ័យ៦៦ឆ្នាំរូបនេះនៅបរទេសក្នុងកម្រឹតទីមួយក្នុងនាមជាប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សបក្សកុម្មុយនីស្ត។
គណបក្សនេះបានបាត់បង់ប្រធានមុនរបស់ខ្លួនកាលពីខែមុននៅពេលដែលមេដឹកនាំចាស់ Nguyen Phu Trong ដែលបានស្លាប់ដោយសារជំងឺ។
សាស្ត្រាចារ្យផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ VinUniversity បណ្ឌិត Hai Hong Nguyen មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចនេះគឺជានិមិត្តរូបមួយសំខាន់ខ្លាំងណាស់។
“ប្រធានាធិបតី Lam ចង់ផ្ញើសារថា លោកចង់ដើរតាមកេរដំណែលរបស់លោក Trong ដែលបានបង្កើតមូលដ្ឋានគ្រឹះជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទំនាក់ទំនងវៀតណាមជាមួយនិងចិន។
លោក Lam នឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗដែលលោក Trong អ្នកស្នងតំណែងមុនបានចុះហត្ថលេខានៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងហាណូយកាលពីខែធ្នូកន្លងទៅ ជាពិសេសកិច្ចព្រមព្រៀងដើម្បីកសាង “សហគមន៍វៀតណាម-ចិនជាមួយនឹងអនាគតរួមគ្នា”។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Xi វៀតណាម និងចិនបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាការទុកចិត្តផ្នែកនយោបាយ សន្តិសុខ និងការពារជាតិ កិច្ចសហការគ្នាក្នុងយន្តការពហុភាគី និងគ្រប់គ្រងជម្លោះបានល្អប្រសើរ។
- អំណាចនយោបាយលោកLAM
អំណាចនយោបាយនៅវៀតណាមត្រូវបានចែករំលែកជាប្រពៃណីក្នុងចំណោមសសរស្តម្ភកំពូលទាំងបួនគឺប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស អគ្គលេខាធិការបក្សកុម្មុយនិស្ត និងប្រធានរដ្ឋសភា។
លោក Lam កាន់កាប់តំណែងពីរក្នុងចំណោមមុខតំណែងទាំងបួនរួមទាំងយោធាជាន់ខ្ពស់បំផុតរបស់ប្រទេសក្នុងនាមជាលេខានៃគណៈកម្មាធិការយោធាមជ្ឈិម ដែលជាមុខតំណែងដែលលោកកាន់កាប់ក្នុងនាមជាប្រធានបក្ស។
ក្នុងនាមជាអតីត:ទាហានជើងចាស់អស់ជាច្រើនទសវត្សរ៍ទទួលបន្ទុកផ្នែកសន្តិសុខសាធារណៈរបស់វៀតណាម លោក Lam បានឡើងកាន់តំណែងយ៉ាងលឿនក្នុងចំណោមឥស្សរជននយោបាយវៀតណាម។ គាត់បានចេញពីមេប៉ូលិសទៅជាប្រធានាធិបតី ហើយបានបន្ថែមតំណែងជាអគ្គលេខាធិការបក្សនៅក្នុងរយៈពេលតិចជាងបីខែ។
មុខមាត់ថ្មីក្នុងការដឹកនាំជំនាន់ក្រោយរបស់វៀតណាម រួមទាំងការចូលរួមដ៏លេចធ្លោបំផុតរបស់លោកក្នុងការអនុវត្តគោលនយោបាយការបរទេសនៅក្នុងខែមិថុនា គឺនៅចំពេលដែលលោកធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងហាណូយ។ រុស្សីក៏មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយវៀតណាមផងដែរ។
- ចំណងសេដ្ឋកិច្ចដ៏រឹងមាំ
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានប្រាប់សារព័ត៌មានក្នុងស្រុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំងលើកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅសម័យកាលថ្មីលើទំនាក់ទំនងរវាងវៀតណាមនិងចិន។
អ្នកវិភាគនិយាយថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនរបស់មេដឹកនាំវៀតណាមថ្មីជាមួយសមភាគីចិន។
“វៀតណាមចាត់ទុកទំនាក់ទំនងចិន-វៀតណាមជាជម្រើសយុទ្ធសាស្ត្រ។ ប្រទេសទាំងពីរមានព្រំដែនតែមួយពួកគេមានទិដ្ឋភាពស្រដៀងគ្នាជាច្រើន រួមទាំងរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយផងដែរ។
លោកក៏រំពឹងថា លោក Lam នឹងពិភាក្សាអំពីឱនភាពពាណិជ្ជកម្មរបស់វៀតណាមជាមួយលោក Xi និងជំរុញឲ្យមានទំហំពាណិជ្ជកម្មប្រកបទៅដោយតុល្យភាពបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងចំនួនទឹកប្រាក់ ១៧៣.៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនគឺនៅទាបជាងពាក់កណ្តាលនៃតម្លៃនាំចូល ដែលបង្ហាញពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើទំនិញរបស់ចិន ជាពិសេសវត្ថុធាតុដើម។
- ជម្លោះដ៏តានតឹងនៅសមុទ្រចិនខាងត្បូង
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Lam ធ្វើឡើងនៅចំពេលដែលសភាពការណ៏មានភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលភាគីទាំងពីរបានជាប់គាំងនៅក្នុងជម្លោះទឹកដីដ៏រ៉ាំរ៉ៃដោះមិនចេញ។
ឆ្នាំនេះ គឺជាខួបលើកទី ១០ នៃការតវ៉ាប្រឆាំងចិនដ៏ធំនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីក្រុងប៉េកាំងបានដំឡើងស្ថានីយខួងយកប្រេងចេញពីឆ្នេរសមុទ្រវៀតណាម ក្បែរកោះដែលមានជម្លោះ។
ភាពតានតឹងទ្វេភាគីនៅសមុទ្រចិនខាងត្បូងត្រូវបានទប់ស្កាត់បានយ៉ាងល្អតាំងពីពេលនោះមក។
អ្នកសង្កេតការណ៍បានកត់សម្គាល់ថា នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ វៀតណាមបានបង្កើនការសាងសង់នៅទីនោះ ដោយមិនមានការជំទាស់ ឬការជ្រៀតជ្រែកពីប្រទេសចិនឡើយ។
ការពិភាក្សាសំខាន់មួយទៀតនៅទីក្រុងប៉េកាំងនៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Lam នឹងត្រូវលើកយកបញ្ហាគ្រប់គ្រងជម្លោះនៅដែនសមុទ្រចិនខាងត្បូងមកពិភាក្សាផងដែរ។
- ការធ្វើឲ្យមានតុល្យភាព
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា នៅចំពេលមានការប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាមេរិក វៀតណាមចង់រក្សាតុល្យភាពនៅក្នុងទំនាក់ទំនងជាមួយប្រទេសទាំងពីរ។
“វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាអាទិភាពយុទ្ធសាស្ត្រ។ ការអភិវឌ្ឍរបស់វៀតណាមពិតជាត្រូវការបរិយាកាសសន្តិភាព និងសន្តិសុខខ្លាំងណាស់”។
ដំណើរទស្សនកិច្ចរបស់លោក Lam នឹងត្រូវបានសាធារណជនក្នុងស្រុកតាមដានយ៉ាងដិតដល់ដោយសារតែមានការមិនទុកចិត្តប្រទេសចិនដែលបានបង្កឲ្យមានសង្គ្រាមរាប់សតវត្សរ៍កន្លងមក។
“ទំនាក់ទំនងជាមួយប្រទេសចិនគឺជាអាទិភាពទីមួយ និងសំខាន់បំផុតសម្រាប់វៀតណាម។ យើងចង់រក្សាចំណងមិត្តភាព” លោក Tran Tam Giap ពលរដ្ឋវៀតណាមរស់នៅទីក្រុងហាណូយបាននិយាយយ៉ាងដូច្នេះ។
ប្រជាជនវៀតណាមជាច្រើននិយាយថា យើងមិនខ្លាចចិនទេ។ ប្រសិនបើមានការប្រយុទ្ធគ្នាយើងបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ។ ប៉ុន្តែវាបង្ហាញពីការខូចខាតជាច្រើនជាងសន្តិភាពហើយស្ថិរភាពគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់យើង៕
ប្រភព៖ CNA/dn