ព័ត៌មានជាតិ

ប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ៖ ឧត្តមសេនីយ៍ត្រីសៀ ទីន ចូល ,ឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត ចេញ

ដោយ : បន្ទាយ
សៀមរាប ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រីសៀ ទីន ពីមេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញឡើងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបគឺទៅជំនួសកៅអីចាស់របស់លោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត ដែលត្រូវទៅជំនួសកៅអីចាស់របស់លោកសៀ ទីន ។

ពិធីមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីផងដែរ។

លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានអបអរ ជូនពរនិងផ្តាំផ្ញើឲ្យលោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជាការថ្មីនៃកងរាជអាវុធអាវុធហត្ថខេត្តសៀមរាបខិតខំបំពេញការងារអោយរឹងរឹតតែបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ដូចដែលខ្លួនបានប្តេជ្ញាចិត្ត ។

នាឱកាសនោះ ក្រៅពីណែនាំ ដាក់បញ្ជានិងផ្តល់អនុសាសន៍ដ៏វែង លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារី ប្រុងប្រយ័ត្នខ្ពស់ចំពោះការញុះញង់ប្រឆាំងនឹងរាជរដ្ឋាភិបាលពីក្រុមជ្រុលនិយមក្នុងនិងក្រៅប្រទេស ។

សូមរំលឹកថា ប្រកាស​ស្ដីពីការតែងតាំងផ្លាស់ប្ដូរមុខតំណែង​នាយទាហានលេខ២០៣តត ០៧២៤ របស់នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង លោកឧត្តមសេនីយ៍​ត្រី​ ប៉ោ​ វណ្ណនិត​ អត្តលេខ១៩៦៧៤៤ ពីមេបញ្ជាការ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប​ មកជាមេបញ្ជាការរង​និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

អនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងនាយទាហាននៃកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានតែងតាំងមុខតំណែងលោកសៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀម រាប ពោលគឺនាយទាហានវ័យក្មេង២រូបនេះ បានប្តូរមុខតំណែង កៅអីនិងកន្លែងធ្វើការគ្នាតែម្តង ៕