ប្រែសម្រួល៖រតនា
នៅទីបំផុតកាលពីថ្ងៃសុក្រអ្នកស្រី Paetongtarn Shinawatra ត្រួវបានសភារបស់ប្រទេសថៃបានបោះឆ្នោតផ្តល់សច្ចាប័នតែងតាំងជានាយករដ្ឋមន្ត្រីវ័យដ៏ក្មេងបំផុតរបស់ប្រទេសថៃ។
ការផ្តល់សច្ចាប័នដោយសភារបស់ប្រទេសថៃដល់អ្នកស្រី Paetongtarn Shinawatra អាយុ ៣៧ ឆ្នាំជាកូនរបស់អតីតមេដឹកនាំ លោក Thaksin Shinawatra បានធ្វើឡើងពីរថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះបានបណ្តេញអតីតនាយករដ្ឋមន្ត្រីលោកSrettha Thavisinចេញពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល។
អ្នកស្រីPaetongtarn ទទួលបានសំឡេងគាំទ្រ ៣១៩ នៅក្នុងសភាតំណាងរាស្រ្ត បន្ទាប់ពីត្រូវបានតែងតាំងជាបេក្ខភាពតែមួយគត់ដោយក្រុមចម្រុះចំនួន១១គណបក្សដែលកំពុងកាន់អំណាចរួមគ្នាជាមួយបក្សភឿថៃ ដើម្បីជំនួស លោក Srettha Thavisinនាយករដ្ឋមន្ត្រីផុតអាណត្តិ។ អ្នកស្រី Paetongtarn Shinawatra ត្រូវរង់ចាំការយល់ព្រមនិងតែងតាំងជាផ្លូវការពីព្រះមហាក្សត្រ Maha Vajiralongkorn នៅមុនពេលដែលនាងចូលកាន់តំណែងជាផ្លូវការ និងតែងតាំងគណៈរដ្ឋមន្ត្រីថ្មីមួយ។
តាមរយ:គោលនយោបាយប្រជានិយមរបស់លោក Thaksin Shinawatra ដែលជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃផ្តោតទៅលើ សេដ្ឋកិច្ចបានអនុញ្ញាតឲ្យគាត់បង្កើតក្បាលម៉ាស៊ីននយោបាយដ៏មានសក្តានុពលដែលគាត់បានដឹកនាំប្រទេសថៃអស់រយៈពេលពីរទសវត្សរ៍កន្លងមក បើទោះបីជាគាត់ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារកសលពីឆ្នាំ ២០០៦ ក៏ដោយ។
Paetongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោកលោក Thaksin Shinawatra នឹងក្លាយជានាយករដ្ឋមន្ត្រីដែលជាស្ត្រីទីពីរបន្ទាប់ពីម្តាយមីងរបស់នាងលោកស្រី Yingluck Shinawatra ដែលជាប្អូនស្រីរបស់លោក Thaksin Shinawatra។
កាលពីថ្ងៃសុក្រPaetongtarn Shinawatraបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការគណបក្សក្នុងទីក្រុងបាងកកដោយអ្នកស្រីបានថ្លែងអំណរគុណដល់អ្នកគាំទ្រហើយបាននិយាយថាគាត់ “មានកិត្តិយសណាស់” ចំពោះការផ្តល់សច្ចាប័នរបស់សភាប្រទេសធៃ។
អ្នកស្រីបាននិយាយថា៖ “ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព”។
Paetongtarn គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីបំរុងបីនាក់របស់គណបក្សភឿថៃនៅមុនការបោះឆ្នោតជាតិកាលពីខែឧសភាឆ្នាំមុនដែលកាលនោះអ្នកស្រីទើបតែសម្រាលកូនបានត្រឹមតែពីរសប្តាហ៍នៅមុនការបោះឆ្នោត។
អ្នកវិភាគយល់ឃើញថាការតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីវ័យដ៏ក្មេងបំផុតបានធ្វើឲ្យមានភាពខុសប្លែកមួយទៀតដែលអាចនឹងបង្កឲ្យមានទិដ្ឋភាពនយោបាយដ៏ចម្រូងចម្រាស់របស់ប្រទេសថៃ។
- បញ្ហាប្រឈមនាៗដែលអាចកើតឡើងនៅក្នុងពេលមុខ
ការបណ្តេញលោកSrettha Thavisinចេញពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃពុធ គឺជាការវាយប្រហារខាងផ្លូវនយោបាយមកលើបក្សភឿថៃដែលគាំទ្រដោយលោក Thaksin Shinawatra ដែលជារឿយៗបានធ្វើឥ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រថៃនិងរបបរាជានិយមដែលជាក្រុមតូចមួយគាំទ្រដោយឥស្សរជនយោធាប៉ុន្តែមានអំណាចបំផុត។
គណបក្សនយោបាយទាំង១១ដែលជាសម្ព័ន្ធមិត្តនឹងលោក Thaksin Shinawatra បានខិតខំតស៊ូយ៉ាងលំបាកដើម្បីវិលមកកាន់អំណាចជាថ្មីម្តងទៀតក្រោយពីត្រូវបានបណ្តេញចេញដោយសាររដ្ឋប្រហារ យោធានិងសេចក្តីសម្រេចរបស់តុលាការធម្មនុញ។
ម្តាយមីងរបស់អ្នកស្រី Paetongtarn ត្រូវបានដកចេញពីតំណែង នៅមុនពេលពួកយោធាដណ្តើមអំណាចនៅក្នុងឆ្នាំ ២០១៤ ហើយឪពុករបស់នាងត្រូវបានគេចខ្លួនប្រាសអាយូសនៅក្នុងឆ្នាំ ២០០៦ អស់រយៈពេលជាង ១៥ ឆ្នាំ ដើម្បីគេចពីការចោទប្រកាន់លើរឿងអាស្រូវពុករលួយ។
ចំណែកពូរបស់នាងលោក Somchai Wongsawat បានក្លាយជាជានាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏ខ្លីកាលពីឆ្នាំ ២០០៨ ប៉ុន្តែត្រូវបានដកចេញដូចស្ពៃដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ។
ខណៈពេលដែលបរិយាកាសនយោបាយកំពុងឡើងកម្តៅក្រុមចម្រុះដែលមកពីបក្សទាំង ១១របស់អ្នកស្រី Paetongtarn ក៏រងនូវបញ្ហាប្រឈមជាច្រើន រួមទាំងការស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះឲ្យងើបឡើងវិញ និងលើកកម្ពស់ប្រជាប្រិយភាពបក្សដែលបានធ្លាក់ចុះ។
គម្រោងផ្តល់សាច់ប្រាក់តាមកញ្ចប់ឌីជីថលដ៏លេចធ្លោរបស់គណបក្សបានប្រឈមមុខនឹងការពន្យារពេលហើយវានៅមិនទាន់អាចព្យាករណ៏បានថាតើនាងអាចនឹងបន្តគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ៗរបស់លោក Srettha Thavisinបានដល់កម្រិតណានោះទេ។
លោក Thaksin Shinawatra ដែលជាមហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតម្ចាស់ក្លឹបបាល់ទាត់ Manchester City ដ៏ល្បីឈ្មោះបានត្រឡប់មកប្រទេសថៃវិញបន្ទាប់ពីការនិរទេសខ្លួន១៥ឆ្នាំ។
គាត់អាចរក្សាការគ្រប់គ្រងខាងផ្លូវនយោបាយលើបក្សភឿថៃដែលធ្វើឲ្យមនុស្សជាច្រើនមើលឃើញគាត់ថាជាបុគ្គលដ៏មានឥទ្ធិពលលើបក្សភឿថៃ ទីមួយតាមរយៈប្អូនស្រីរបស់គាត់គឺលោកស្រី Yingluck និងឥឡូវតាមរយៈកូនស្រីរបស់គាត់។
ការវិលមកវិញរបស់លោក Thaksin Shinawatra គឺស្របគ្នានឹងការបោះឆ្នោតរបស់ព្រឹទ្ធសភាដើម្បីតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។ អ្នកវិភាគជឿថាលោក Thaksin Shinawatra បានចុះហត្ថលេខាព្រមព្រៀងគ្នាជាមួយនឹងស្ថានប័នយោធាថៃសម្រាប់ការវិលត្រឡប់មកវិញរបស់លោក និងការតែងតាំងលោក Srettha Thavisin ។
នៅក្នុងការប្រឈមមុខដ៏គួរឲ្យភ្ញាក់ផ្អើលដើម្បីយកឈ្នះការបោះឆ្នោតនោះបក្ស ភឿថៃបានចូលរួមជាមួយអតីតគូសត្រូវរបស់ខ្លួនមកពីស្ថាប័នយោធាហើយក៏ត្រូវប្រឈមជាមួយនិងសម្ព័ន្ធគ្រប់គ្រងពហុបក្សរបស់ខ្លួនផងដែរ។
គណបក្សផ្លាស់ប្តូរឆ្ពោះទៅមុខ ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីឆ្នាំមុន ជាមួយនឹងរបៀបវារៈកំណែទម្រង់ដ៏ពេញនិយមរបស់ខ្លួន ត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល និងបានក្លាយទៅជាក្រុមប្រឆាំង។
កាលពីសប្តាហ៍មុន តុលាការធម្មនុញ្ញបានចោទប្រកាន់លោ្ Move Forward ពីបទ “បំផ្លាញរបបរាជានិយម” ហើយបានបញ្ជាឲ្យរំលាយបក្សដែលមានអ្នកគាំទ្រ ១៤ លាននាក់។
ចាប់តាំងពីពេលនោះមក អតីតសមាជិកគណបក្សផ្លាស់ប្តូរឆ្ពោះទៅមុខ បានបង្កើតគណបក្សឡើងវិញ ក្រោមឈ្មោះបក្សនយោបាយថ្មី។
កាលពីថ្ងៃពុធ តុលាការដដែលបានចោទថាលោក Srettha Thavisin បានបំពានច្បាប់ក្រមសីលធម៌ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយតែងតាំងមេធាវី និងជំនួយការលោកថាក់ស៊ីន ដែលធ្លាប់ជាប់ពន្ធនាគារនៅក្នុងជួរគណៈរដ្ឋមន្ត្រី។
ការសម្រេចចិត្តទាំងពីរនេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញយ៉ាងទូលំទូលាយថាជាការរំលោភអំណាចហួសកម្រិតបង្កឡើងដោយតុលាការធម្មនុញ្ញ។
នៅក្នុងការសម្រេចនាពេលថ្មីៗនេះ ប្រទេសថៃត្រូវបានគេមើលឃើញថាវាមិនសំខាន់ទេសម្រាប់ការបោះឆ្នោតរបស់ប្រជាជនតាមផ្លូវប្រជាធិបតេយ្យ ។ លោក Thitinan Pongsudhirak សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn មានប្រសាសន៍ថា ការបង្កើតស្ថាប័នគាំពាររបបរាជានិយមដែលមានសិទ្ធិវេតូជាការរៀបចំរបស់ស្ថាប័នយោធាដើម្បីទាញយកប្រយោជន័និងដាក់សម្ពាធខាងផ្លូវនយោបាយទៅលើបក្សកាន់អំណាចឲ្យធ្វើទៅតាមការចង់បានរបស់ពួកគេ។
អាស្រ័យហេតុនេះហើយជាមួយនឹងការឡើងកាន់អំណាចម្តងទៀតរបស់ត្រកូល ស៊ីណាវ៉ាត្រា វាទំនងជានឹងដាស់ស្មារតីយុវជនថៃជាច្រើនឲ្យយល់ឃើញថាមានសង្ឃឹមតិចតួចសម្រាប់ការផ្លាស់ប្តូរការដឹកនាំនយោបាយរបស់ប្រទេសថៃ៕