ដោយ៖ បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានចាត់តំណាងដោយឱ្យលោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំយកក្តារមឈូស១, អង្ករចំនួន ២០០គីឡូក្រាម, ទឹកក្រូច១០កេស ទឹកសុទ្ធ ២០យួរ ទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោកយាយ ឈ្មោះ ហម សូត្រ អាយុ ៨៣ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ហម សាវង្ស នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ សរុបថវិកា ២.០០០.០០០រៀល ។
សូមបញ្ជាក់ថា លោកហម សាវង្ស ធ្លាប់ត្រូវបានគេប្រើប្រាស់គណនីហ្វេសប៊ុករបស់លោកបង្ហោះរូបភាពនិងខ្លឹមសារអវិជ្ជមាន រិះគន់ បំផ្លើស បំភ្លៃ បំភាន់ ក្នុងន័យបង្កាច់បង្ខូចទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ចរបស់រាជការ ។ ក្នុងនោះមានអង្គភាពនគរបាលផងដែរ ។
ជាបន្តបន្ទាប់ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តបានកោះហៅមកធ្វើការតាមនីតិវិធីនិងធ្វើកិច្ចសន្យា។ប៉ុន្តែបើមិនដូច្នោះទេនឹងត្រូវនគរបាលអនុវត្តតាមនីតិវិធី ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកវរសេនីយ៍ទោ សោម សារុន ចូលរួមរំលែកមរណទុក្ខពីលោកឧត្តមសេនីយ៍ទោ ស្នងការ ដល់ក្រុមគ្រួសារ ដោយមានសេចក្ដីក្ដុកក្ដួល និងសោកស្ដាយជាអនេក ។
លោក ហម សាវង្ស តំណាងឱ្យក្រុមគ្រួសារនៃសព ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនៃទឹកចិត្តមិនអាចកាត់ថ្លៃបាននូវការយកចិត្តទុកដាក់មកលើក្រុមគ្រួសារនៃសពនិងសូមគោរពជូនពរពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕