ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ សមត្ថកិច្ចបាននាំខ្លួនយុវវ័យចំនួន ៩នាក់ពីទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ក្រោយរកឃើញបានប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់។
នគរបាលការិយាល័យជំនាញបានឲ្យដឹងថា÷ ករណីឆ្មក់បង្រ្កាប និងឃាត់ខ្លួនយុវវ័យប្រុសស្រីនេះធ្វើឡើងនៅវេលារំលងអធ្រាត្រថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត។
ករណីទប់ស្កាត់បង្ក្រាបបទល្មើសខាងលើពាក់ព័ន្ធនឹងករណីជួញដូរ សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។ ក្រៅពីការឃាត់ខ្លួនជនជាប់សង្ស័យទាំងអស់ កម្លាំងជំនាញនូវបានដកហូតនូវថ្នាំញៀនប្រភេទកេតាមីន (Ketamine) មួយថង់ រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
ចំពោះមុខនេះ សមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំបែបបទដើម្បីបញ្ជូនអ្នកពាក់ព័ន្ធ ក៏ដូចជាវត្ថុតាងខាងលើទៅកាន់សាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមនីតិវិធី៕