ព័ត៌មានជាតិ

សារៈសំខាន់នៃការយល់ដឹងនិងប្រើប្រាស់”កម្មវិធីបញ្ញាសិប្បនិម្មិត (Ai) ” ក្នុងជីវភាពប្រចាំថ្ងៃ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ សិក្ខាសាលាស្ដីពី “បញ្ញាសិប្បនិមិ្មត( Ai )សម្រាប់ជីវភាពប្រចាំថ្ងៃ” ជូនដល់មន្ត្រីរាជការ យុវជន និងសិស្ស និស្សិត ក្នុងខេត្តបន្ទាយមានជ័យចំនួនជាង២៥០នាក់បានធ្វើឡើងនៅសាលប្រជុំ(ធំ) សាលាខេត្ត ។

លោកលន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងជាវាគ្មិនបានថ្លែងកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២៤ថា: នេះជាថ្ងៃប្រវត្តិសាស្ត្រនិងរំភើបរីករាយដែលសហគ្រិនវ័យក្មេង បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអង្គភាព ក្រុងស្រុកទាំង៩ សភាពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេងខេត្ត ផែនសហគ្រិនវ័យក្មេងខេត្តនិងបងប្អូនអាជីវករក្រៅប្រព័ន្ធជាដើម បានបង្កើតកម្មសិក្ខាសិលាស្តីពីរការប្រើប្រាស់ បញ្ញាសិប្បនិម្មិត AI សម្រាប់ជីវភាពប្រចាំថ្ងៃ ជូនដល់យុវជន អាជីវករ ក្នុងខេត្តបន្ទាយមានជ័យ ។

លោកបន្តថា : សិក្ខាសាលានេះ មានសារៈសំខាន់ក្នុងការយល់ដឹងនិងប្រើប្រាស់”កម្មវិធីបញ្ញាសិប្បនិម្មិត AI ” ក្នុងជីវភាពប្រចាំថ្ងៃដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា ជាជំនួយការផ្ទាល់ខ្លួន ,ជួយក្នុងការរៀនសូត្រនិងអប់រំ ,ការចម្អិនអាហារនិងរូបមន្ត, ការកំសាន្ត ,ផែនការធ្វើដំណើរ ,ព័ត៌មានប្រចាំថ្ងៃ និងបច្ចុប្បន្នភាព , ជួយលើការសម្រេចចិត្តទិញទំនិញ ,ជួយផ្តល់ដំបូន្មាននិងការណែនាំអំពីសុខភាពទូទៅ ,ជួយសេវាអតិថិជន ,ការបង្កើតមាតិកា ,ការស្រាវជ្រាវទីផ្សារ ,ការងារវិភាគហិរញ្ញវត្ថុ ផ្នែកធនធានមនុស្សនិងប្រតិបត្តិករនិងប្រតិបត្តិការអាជីវកម្ម, ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ ការវិភាគទិន្នន័យនិងខ្លឹមសារស៊ីជម្រៅ ,ការគ្រប់គ្រងគម្រោង , ការបកប្រែភាសានានានិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។

ចំណែកវាគ្មិននានាបានពញ្ញាក់ស្មារតីដល់សិក្ខាកាមថា :ការចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI គឺយើងកំពុងតែមានជំនួយការដ៏ឆ្លាតវៃម្នាក់នៅក្បែរខ្លួន២៤ម៉ោងលើ២៤ម៉ោង សួរមិនចេះហត់ កត់មិនចេះអស់ សួរមិនចេះចប់ ប្រសប់មិនចេះទាល់ ។

ឯសិក្ខាកាមវិញ បាននិយាយឬចែករំលែកអំពីបទពិសោធនិងលទ្ធផល ការសិក្សា ការងារដែលខ្លួនទទួលបាន។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា : រដ្ឋបាលខេត្តនិងជំនាញពាក់ព័ន្ធមានផ្តោតការយកចិត្តទុកដាក់និងសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាសិលានាថ្ងៃនេះ ក្នុងការរៀបចំនិងកសាងសមត្ថភាពយុវជនគ្រប់លំដាប់ថ្នាក់ក្នុងបដិវត្តបច្ចេកវិទ្យា4.0 ដែលជាមុំមួយជាពិសេសត្រូវតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នៃគោលនយោបាយបញ្ចកោណរបស់រដ្ឋសភានីតិកាលទី៧ ដែលរួមមាន : មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។

សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) ឬហៅថា Ai គឺជាភាពវៃឆ្លាតរបស់ម៉ាស៊ីនឬសូហ្វវែរ(Software ) ដែលផ្ទុយពីភាពវៃឆ្លាតរបស់ភាវៈមានជីវិតដទៃទៀតជាពិសេសគឺមនុស្ស។
វាជាមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យួទ័រដែលអភិវឌ្ឍនិងសិក្សាអំពីម៉ាស៊ីនឆ្លាតវៃ។ ម៉ាស៊ីនបែបនេះអាចត្រូវបានគេហៅថាAIs។

បច្ចេកវិទ្យា AI ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងវិស័យឧស្សាហកម្ម រដ្ឋាភិបាល និងវិទ្យាសាស្ត្រ ៕