ដោយ : ប.ជ័យ
បន្ទាយមានជ័យ ÷ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។
គួររំលឹកថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន ១-ឈ្មោះ តុប គឹមអុល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ(ជួញដូរនិងប្រើប្រាស់, កាន់កាប់អាវុធ) ២-ឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងផ្សារដែក(ប្រើប្រាស់ និងកាន់កាប់អាវុធ)។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ មុន រ៉ាវិត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់), ៤-ឈ្មោះ យឹម ប៊ុនសុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (រក្សាទុក និងប្រើប្រាស់) ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥ថង់កិប ទម្ងន់ ១៤,៦៥ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,០៩ក្រាម, ម៉ូតូចំនួន ០៣គ្រឿង, កាំបិតកែច្នៃ (ដាវ) ចំនួន ០៣ដើម, ទូរសព្ទចំនួន ០៣គ្រឿង និងថង់សម្រាប់វេចខ្ចប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់វត្ថុតាងជាក់ស្តែងរបស់ខ្លួនដែលសមត្ថកិច្ចបានរឹបអូស ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕