ដោយ៖ បន្ទាយ
បន្ទាយមានជ័យ៖ ក្មេងស្រីក្រមុំម្នាក់និងកុមារា២នាក់សរុបចំនួន៣នាក់បានល.ង់ទឹកស្លា.ប់ក្នុងរណ្តៅកាយអាចម៍ដីមួយនៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល ហើយបានរកឃើញស.ពនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ស្ថិតនៅ៣០០ម៉ែត្រពីភូមិយាងឧត្តមឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នេះបើតាមលោកទន់ ថុល មេឃុំណាំតៅ បានឲ្យ Cambodia Flash News (CFN) ដឹងកាលពីថ្ងៃទី០៩ ខែសីហាឆ្នាំ២០២៤ ។
ក្មេងស្រីក្រមុំនិងក្មេងប្រុសៗ២នាក់ដែលបាត់បងជីវិតនោះមានឈ្មោះដូចជា៖
១-ឈ្មោះ បាន គិមអេង ភេទស្រី អាយុ១៩ឆ្នាំ។ នាងមានឪពុកឈ្មោះមុំ សំអួន អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ប៉ៃ សំអៀត អាយុ៤០ឆ្នាំ ។ ២-ឈ្មោះ កិក រីណា ភេទប្រុស អាយុ៥ឆ្នាំ មានឪពុកឈ្មោះកិក យន់ អាយុ២៣ឆ្នាំនិងម្តាយឈ្មោះ ហាវ ស្រីអូន អាយុ១៩ឆ្នាំនិង៣-ឈ្មោះ ចយ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ មានម្តាយឈ្មោះ ហាវ ស្រីអឿង អាយុ២៥ឆ្នាំ មានលំនៅនៅភូមិ ឃុំកើតហេតុខាងលើ ។ ពួកគេត្រូវជាមីងនិងក្មួយជាមួយគ្នា ហើយបាននាំគ្នាទៅដើរលេង ហើយចុះលេងទឹក។ ដល់ពេលក្មេងៗលង់ នាងជាមីងបានចុះទៅជួយ តែក៏ត្រូវរងគ្រោះទាំងអស់គ្នាទៅ ។
លោកមេឃុំបានបន្តថា: សពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីក្នុងភូមិ ។
ចំណែកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំស្រុកនឹងចុះទៅផ្ទះនៃគ្រួសារសពដោយនាំនូវថវិកានិងគ្រឿងសម្ភារទៅចូលបុណ្យសពនៅថ្ងៃបន្ទាប់៕