ប្រែសម្រួល៖ ស-សម្បត្តិ
វ៉ាស៊ីនតោន៖ នៅក្នុងពេលដែលគ្រាប់រ៉ុក្កែតរបស់ចិន ត្រូវបានផ្ទុះបែកនៅលើលំហអាកាសនៅក្នុងសប្តាហ៍នេះ បានបង្កឲ្យមានបំណែកកម្ទេចកម្ទីជាង ៧០០បំណែកដែលធ្វើឲ្យផ្កាយរណបជាង ១០០០ គ្រឿងនិងឧបករណ៍ផ្សេងៗទៀតដែលមានចរាចរណ៍កម្រិតខ្ពស់លើគន្លងផែនដីប្រឈមនឹងហានិភ័យដែលអាចនឹងប៉ះទង្គិចគ្នាប្រកបដោយគ្រោះថ្នាក់បំផុត នេះបើតាមអ្នកវិភាគដែលបាននិយាយកាលពីថ្ងៃសុក្រ ៩ សីហាកន្លងមក ។
ផ្កាយរណបឈ្មោះថា Shanghai Spacecom Satellite Technology (SSST) ដែលគ្រប់គ្រងដោយរដ្ឋចិនត្រូវបានបាញ់បង្ហោះឧបករណ៏ផ្កាយរណបអ៊ីនធឺណិតចំនួន ១៨គ្រឿង ទៅកាន់គន្លងតារាវិថីកាលពីថ្ងៃអង្គារ ជាបណ្តុំនៃបណ្តាញទំនាក់ទំនងដែលនឹងប្រកួតប្រជែងជាមួយនឹងក្រុមតារានិករ Starlink ដ៏ធំរបស់ SpaceX ។
រ៉ុក្កែតខាងលើបានចម្លងយកផ្កាយរណបទាំងនោះចូលទៅក្នុងគន្លងទំនងជាផ្ទុះភ្លាមៗបន្ទាប់ពីវាត្រូវបានដាក់ពង្រាយនូវបន្ទុករបស់វា បង្កឲ្យបែកចេញជាបំណែកកម្ទេចកម្ទីដែលក្រុមអ្នកតាមដានអវកាសអាមេរិកប៉ាន់ស្មានថាមានយ៉ាងហោចណាស់ ៧០០ បំណែកហើយមកទល់នឹងពេលនេះ។
SSST មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយនេះភ្លាៗទេ។
ក្រុមអ្នកតាមដានលំហអាកាសអាមេរិក LeoLabs បាននិយាយថា វាទំនងជាមានកម្ទេចកម្ទីលើសពី ៩០០បំណែកដែលធ្វើឲ្យក្លាយជាហានិភ័យដ៏ធំបំផុតមិនធ្លាប់មានពីមុនមក។ ក្រុមអ្នកវិភាគជាច្រើនបាននិយាយថា បំណែកកម្ទេចកម្ទីដែលបង្កើតឡើងនៅកម្ពស់ប្រហែល ៨០០ គីឡូម៉ែត្រនឹងមានវត្តមាននៅលើលំហអាកាសក្នុងរយៈពេលច្រើនឆ្នាំ។
វានៅមិនទាន់ដឹងច្បាស់ទេថា តើបំណែកតួគ្រាប់រ៉ុក្កែតចុងក្រោយបង្អស់ដែលផ្ទុះឡើងវា បណ្តាលមកពីការប៉ះទង្គិចជាមួយវត្ថុផ្សេង ឬក៏ជាការផ្ទុះនៅលើយានចម្លងឥន្ធនៈនៃគ្រាប់រ៉ុក្កែតដែលមិនធ្លាប់បានប្រើប្រាស់។ ទីបញ្ជាការអវកាសអាមេរិក បាននិយាយលើកដំបូងថាហេតុការណ៍នេះបានបង្កឲ្យមានជាបំណែកកម្ទេចកម្ទីចំនួន ៣០០បំណែក ដែលជាចំនួនមួយគេអាចមើលឃើញថា ទំនងជាកើនឡើង នៅពេលដែលដុំកម្ទេចកម្ទីទាំងនោះបានរសាត់បែកខ្ញែកគ្នា។
ផ្កាយរណបជាង ១,១០០គ្រឿង និងឧបករណ៏ផ្សេងទៀតនៅក្នុងលំហត្រូវប្រឈមនឹងហានិភ័យនិងអាចបុកគ្នាជាមួយកម្ទេចកម្ទីរ៉ុក្កែតរបស់ចិន។ លោក Audrey Schaffer អនុប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុនតាមដានលំហអាកាស Slingshot Aerospace បានប្រាប់ Reuters យ៉ាងដូច្នេះ។
លោក Schaffer បាននិយាយថា “អ្វីដែលយើងកំពុងឃើញនៅពេលនេះ គឺសន្មត់ថាមានច្រើនជាង ១,១០០គ្រឿង ដែលមានគម្លាតក្នុងចម្ងាយតិចជាង ៥ គីឡូម៉ែត្រក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ” លោក Schaffer បានបន្តថា ប្រហែលមួយភាគបីនៃវត្ថុដែលមានហានិភ័យទាំងនោះគឺជាយានសកម្ម ដែលទំនងជាអាចហោះចេញពីគន្លងផ្លូវ។
លោក Schaffer បាននិយាយថា វត្ថុដែលនៅសេសសល់ គឺជាបំណែកម្ទេចកម្ទីដែលមិនអាចគ្រប់គ្រងកាកសំណល់ទាំងនោះដែលមានស្រាប់នៅលើអវកាសហើយក៏មិនមានវិធីដើម្បីគេចឲ្យផុតពីកម្ទេចកម្ទីថ្មីដែលបានរសាត់បែកខ្ញែកគ្នាបង្កឲ្យមានក្តីបារម្ភនៅក្នុងចំណោមអ្នកវិភាគជាច្រើនដែលថាវានឹងអាចប៉ះទង្គិចគ្នា។
រ៉ុក្កែត Long March 6A ក្នុងឆ្នាំ ២០២២ ស្រដៀងគ្នានេះ បានផ្ទុះបែកចេញនៅលើលំហអាកាស និងបានបង្កើតជាបំណែករាប់រយបំណែក ដែលជំរុញឲ្យមានការរិះគន់ចិនពីបណ្តាប្រទេសលោកខាងលិច និងអ្នកតស៊ូមតិផ្នែកនិរន្តរភាពអវកាស ដោយនិយាយថា ទីក្រុងប៉េកាំងគួរតែគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងពីរបៀបបោះចោលកាកសំណល់រ៉ុក្កែតដែលបានប្រើប្រាស់រួចរាល់ហើយ៕
ប្រភព៖ Reuters/ec