សន្ដិសុខសង្គម

ទំនងជាឆ្លងចរន្តភ្លើង ម៉ូតូហុងដាស៊ូមើអ៊ិច១គ្រឿងត្រូវឆេះខ្ទេចនៅក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ទំនងជាឆ្លងចរន្តភ្លើង ម៉ូតូហុងដាស៊ូមើអ៊ិច១គ្រឿងត្រូវឆេះខ្ទេចកាលពីម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ២០២៤ នៅផ្លូវខេត្ត នាចំណុចជិតរោងល្ខោនស្បែកនិងធនាគារកាណាឌីយ៉ា ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្ត្រីជាម្ចាស់ម៉ូតូនិងឪពុករបស់នាង រស់នៅភូមិ-សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលសុខចិត្តបញ្ចេញមុខ តែសុំមិនបញ្ចេញឈ្មោះបានសារព័ត៌មាន Cambodia Flash News (CFN) ដឹងថា: មុនកើតហេតុ ខ្លួនបានបើកម៉ូតូដឹកកូនទៅសាលា។​លុះមកដល់កន្លែងកើតហេតុ ក៏ឃើញផ្សែងហុយចេញខ្មួលខ្មាញ់ពីម៉ូតូ ក៏ឈប់ ហើយនាំគ្នាចេញពីម៉ូតូ។បន្ទាប់មកផ្សែងនោះប្រែទៅជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅរហូតឆេះខូចខាតអស់ទាំងស្រុង។

ចំណែកអ្នកជិតខាង បានឲ្យដឹងថា: ពេលនោះអ្នកជិតបានប្រើបំពង់ពន្លត់អគ្គិភ័យអស់៣បំពង់បាញ់ពន្លត់ដែរតែមិនអាចពន្លត់បាន។

ចំពោះមូលហេតុនៃការឆេះ ត្រូវបានម្ចាស់មូតូនិងជាងម៉ូតូខ្លះគិតថាអាចឆ្លងខ្សែភ្លើងម៉ាញ៉េតូរបស់ម៉ូតូ។
ករណីនេះបង្កការភ្ញាក់ផ្អើលនិងមន្ទិលជាខ្លាំងចំពោះប្រព័ន្ធភ្លើងរបស់ម៉ូតូក្រុមហ៊ុនហុងដានិងចំពោះជាងជួសជុលផ្នែកប្រព័ន្ធភ្លើងរបស់ម៉ូតូ ៕