អន្តរជាតិ

តើមេដឹកនាំកំពូលរបស់ហាម៉ាស់ដែលទើបនឹងតែងតាំងថ្មីមានប្រវត្តិសកម្មភាពយ៉ាងដូចម្តេចខ្លះ?

ប្រែសម្រួល៖សហការី

នៅទីបំផុតក្រុមហាម៉ាស់បានតែងតាំងមេដឹកនាំ Gaza របស់ខ្លួនហើយគឺលោក Yahya Sinwar ជំនួសលោក Ismail Haniyeh ដែលត្រូវបានឃាតកលួចធ្វើឃាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Tehran កាលពីសប្តាហ៍មុន។

ការប្រកាសតែងតាំងលោក Yahya Sinwar ជាមេដឹកនាំរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានធ្វើឡើងកាលពីថ្ងៃអង្គារ ខណៈដែលភាពតានតឹងបាននឹងកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានប្តេជ្ញាថានឹងសងសឹកអ៊ីស្រាអែលចំពោះការលបធ្វើឃាតលោក Haniyeh នៅលើទឹកដីរបស់ខ្លួន។ អ៊ីស្រាអែលមិនបានបញ្ជាក់ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការវាយប្រហារថ្ងៃទី ៣១ ខែ  កក្កដានោះទេ។

Ismail Haniyeh ត្រូវបានគេកត់សម្គាល់ថាជាអ្នកផ្តួចផ្តើមការវាយប្រហារនៅថ្ងៃទី ៧ ខែតុលានៅលើទឹកដីអ៊ីស្រាអែល ឥឡូវនេះមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនលោក Sinwar នឹងបន្តជំរុញចលនាតស៊ូប្រឆាំងអ៊ីស្រាអែលនៅទូទាំងតំបន់ Gaza ពីទីតាំងដែលគេមិនស្គាល់អត្តសញ្ញាណ។

មេដឹកនាំហាម៉ាស់ប៉ាឡេស្ទីនថ្មីគឺលោក Sinwar ដែលលាក់ខ្លួននៅតំបន់ហ្គាហ្សាគឺជាសត្រូវចម្បងទីមួយរបស់អ៊ីស្រាអែល។ ដូច្នេះហើយក្រុមហាម៉ាស់ប៉ាឡេស្ទីនសម្រេចជ្រើសរើសគាត់ជាប្រធានការិយាល័យនយោបាយរបស់ខ្លួនដែលជាសារមួយប្រកបដោយសក្តានុពលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល។

ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថា តើលោក Sinwar អាចនឹងទាក់ទងជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្នុងកិច្ចប្រតិបត្តិការយោធានិងដឹកនាំនយោបាយសម្រាប់បន្តចលនាតស៊ូជាប្រចាំថ្ងៃនេះបានយ៉ាងដូចម្តេច និងមើលការខុសត្រូវលើការចរចានៃបទឈប់បាញ់នៅ Gaza ខណៈដែលពេលនេះគាត់នៅកំពុងលាក់ខ្លួននៅឡើយ។ មន្ត្រីអ៊ីស្រាអែលមិនបានរៀបចំផែនការសម្ងាត់ដើម្បីកំណត់គោលដៅសម្លាប់គាត់នោះទេ។

លោក Sinwar កើតនៅឆ្នាំ ១៩៦២ ក្នុងតំបន់ Khan Younis គាត់ជាមន្ត្រីកំពូលម្នាក់ក្នុងចំណោមមន្ត្រីក្រុមហាម៉ាស់។ គាត់ត្រូវបានអ៊ីស្រាអែលចាប់ខ្លួនម្តងហើយម្តងទៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងសកម្មភាពប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលនៅសាកលវិទ្យាល័យអ៊ីស្លាមក្នុងតំបន់ Gaza។

ក្រោយពីបញ្ចប់ការសិក្សា លោកបានជួយបង្កើតបណ្តាញអ្នកតស៊ូប្រឆាំងនឹងអ៊ីស្រាអែល។ ក្រោយមកក្រុមនេះក៏បានក្លាយទៅជាកងកម្លាំងប្រដាប់អាវុធកងពលតូច Qassam ដែលជាកងពលរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន។

លោក Sinwar បានចូលរួមជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងនាមជាមេដឹកនាំម្នាក់របស់ខ្លួនភ្លាមៗនៅពេលដែលក្រុមនេះត្រូវបានបង្កើតឡើងដោយ Sheikh Ahmed Yassin ក្នុងឆ្នាំ ១៩៨៧ ។ នៅឆ្នាំបន្ទាប់គាត់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល ហើយបានកាត់ទោសចំនួនបួនលើកដែលស្មើនឹងការជាប់គុក ៤៦២ ឆ្នាំពាក់ព័ន្ធនឹងការចាប់ខ្លួន និងសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់ និងអ្នកស៊ើបការណ៍អ៊ីស្រាអែលជាជនជាតិប៉ាឡេស្ទីន ៤ នាក់។

គាត់បានចំណាយពេល ២៣ ឆ្នាំនៅក្នុងគុកអ៊ីស្រាអែល ជាកន្លែងដែលគាត់បានរៀនភាសាហេប្រ៊ូ ហើយបានយល់ច្បាស់ក្នុងកិច្ចការនយោបាយអ៊ីស្រាអែល ។ គាត់ត្រូវបានដោះលែងនៅឆ្នាំ ២០១១ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយទាហានអ៊ីស្រាអែល Gilad Shalit ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់។

បន្ទាប់មកSinwar បានបង្កកម្លាំងតស៊ូបានយ៉ាងឆាប់រហ័សតាមរយៈក្រុម Hamas ជាថ្មីម្តងទៀត។ នៅក្នុងឆ្នាំ ២០១២ គាត់ត្រូវបានជាប់ឆ្នោតជាប្រធានការិយាល័យនយោបាយរបស់ក្រុម Hamas ហើយត្រូវបានប្រគល់ភារកិច្ចឲ្យសម្របសម្រួលការងារទ័ពជាមួយកងពលតូច Qassam ។

គាត់បានដើរតួនាទីផ្នែកនយោបាយ និងយោធានាំមុខគេនៅក្នុងអំឡុងពេលការវាយលុករយៈពេលប្រាំពីរសប្តាហ៍របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សានៅក្នុងឆ្នាំ ២០១៤។ នៅឆ្នាំបន្ទាប់ សហរដ្ឋអាមេរិកបានដាក់ឈ្មោះ Sinwar ថាជា “មេភេរវករពិភពលោក”។

នៅឆ្នាំ ២០១៧ Sinwar បានក្លាយជាប្រធានក្រុមហាម៉ាស់នៅហ្គាហ្សា បន្តពីលោក Haniyeh ដែលត្រូវបានជ្រើសរើសជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់។

មិនដូចគ្នានឹងលោក Haniyeh ដែលបានធ្វើដំណើរតាមតំបន់នៅក្នុងសង្រ្គាមអ៊ីស្រាអែលនៅ Gaza រហូតដល់គាត់ត្រូវបានអ៊ីស្រាអែលលបធ្វើឃាត។លោក Sinwar មិនត្រូវបានគេឃើញជាសាធារណ:តាំងពីថ្ងៃទី ៧ ខែតុលា។

នៅក្នុងបទសម្ភាសឆ្នាំ ២០២១ ជាមួយអ្នកយកព័ត៌មាន Vice News លោក Sinwar បាននិយាយថា ប៉ាឡេស្ទីនមិន “លើកទង់ស” នោះទេបើទោះបីជាឡេស្ទីនមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលដោយសារតែការចំណាយខ្ពស់ក៏ដោយ។

“យើងបានព្យាយាមតស៊ូដោយសន្តិវិធីសម្រាប់រយៈពេលយូរ ។ យើងរំពឹងថាពិភពលោកនិងអង្គការអន្តរជាតិនឹងឈរក្បែរប្រជាជនរបស់យើង និងបញ្ឈប់ការកាន់កាប់របស់អ៊ីស្រាអែលរួមទាំងការប្រព្រឹត្តឧក្រិដ្ឋកម្ម និងការកាប់សម្លាប់រង្គាលប្រជាជនរបស់យើង។ ជាអកុសល ពិភពលោកបានឈរនៅក្បែរអ៊ីស្រាអែល និងឈរមើលឧក្រិដ្ឋកម្មកាប់សម្លាប់រង្គាលរបស់អ៊ីស្រាអែលដោយមិនមានប្រតិកម្មអ្វីឡើយ។

Sinwar ទំនងជាកំពុងពិពណ៌នាអំពី Great March of Return ក្នុងអំឡុងពេលដែលប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មជារៀងរាល់សប្តាហ៍អស់រយៈពេលជាច្រើនខែនៅព្រំដែន Gaza ក្នុង ២០១៨និង ២០១៩ ប៉ុន្តែបានជួបការបង្ក្រាបដោយហិង្សារបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សជាង ២២០ នាក់ និងរងរបួសជាច្រើនទៀត។

នៅពេលសួរអំពីកលល្បិចរបស់ក្រុមហាម៉ាស់ រួមទាំងការបាញ់រ៉ុក្កែតដែលមិនរើសអើងដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល លោក Sinwar បាននិយាយថា ប៉ាឡេស្ទីនកំពុងប្រយុទ្ធតទល់ជាមួយនឹងមធ្យោបាយយោធារបស់អ៊ីស្រាអែលដើម្បីកម្ចាត់ពួកគេ។ លោកបានចោទប្រកាន់អ៊ីស្រាអែលថាបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដោយចេតនា។

“តើពិភពលោកមានដែលគិតថាយើងត្រូវបានក្លាយជាជនរងគ្រោះខណៈពេលដែលយើងត្រូវបានគេកាប់សម្លាប់យ៉ាងរង្គាលហើយបំបិទមាត់យើងមិនឲ្យស្រែករំខានពួកគេដែរឬទេ?” Sinwar បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៕