ដោយ៖តារា
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានឲ្យដឹងថា កាលពីថ្ងៃចន្ទទី ៥ ខែសីហា តុលាការវៀតណាមកាត់ទោសអតីតមហាសេដ្ឋីអចលនទ្រព្យម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ២១ ឆ្នាំ ពីបទក្លែងបន្លំ និងរៀបចំទីផ្សារភាគហ៊ុនក្លែងក្លាយដែលមានតម្លៃទឹកប្រាក់ ១៤៦ លានដុល្លារ។
អតីតមហាសេដ្ឋីអចលនទ្រព្យ លោកTrinh Van Quyet គឺជាជនជាប់ចោទម្នាក់ដែលស្ថិតក្នុងចំណោមជនជាប់ចោទ ៥០ នាក់ដែលត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងករណីពុករលួយចុងក្រោយបំផុតដែលបក្សកុម្មុយនិស្តបានផ្តោតគោលដៅបង្រ្កាបទៅលើឥស្សរជនធុរកិច្ចក្នុងប្រទេសរបស់ខ្លួន។
តុលាការក្រុងហាណូយបានអះអាងថាលោក Quyet ដែលជាម្ចាស់រមណីយដ្ឋាន FLC ដ៏ប្រណិតដែលមានទីលានវាយកូនហ្គោល និងក្រុមហ៊ុនដឹកជញ្ជូនតាមអាកាសហៅថា Bamboo Airways ត្រូវបានកាត់ទោសយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារតែគាត់ជាក្បាលម៉ាស៊ីនរបស់ក្រុមឆបោក។
តុលាការប្រជាជនក្រុងហាណូយបានសរសេរនៅក្នុងសាលក្រមរបស់ខ្លួនដែលដកស្រង់ដោយអ្នកយកព័ត៍មាន Tuoi Tre ថា “តាមរយៈទីផ្សារភាគហ៊ុនចុងចោទបានបង្កើតភាគហ៊ុនក្លែងក្លាយនាំឲ្យមានការមិនទុកចិត្តចំពោះអ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុនហើយថែមទាំងបង្កឲ្យមានជម្លោះនៅក្នុងបណ្តាញសង្គមថែមទៀតផង” ។
- “ការកាត់ទោសត្រូវយោងទៅតាមពិរុទ្ធភាពនៃស្ថានទម្ងន់ទោសដែលពាក់ព័ន្ធនឹងបទល្មើស”
ជនជាប់ចោទចំនួន ៤៩ នាក់ផ្សេងទៀត រួមទាំងបងប្អូនស្រីរបស់លោក Quyet ពីរនាក់ទៀត និងមន្ត្រីផ្សារហ៊ុន ៤ រូប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី ១៤ ឆ្នាំឡើងទៅ និងត្រូវព្យួរទោសរយៈពេល ១៥ ខែថែមទៀតផង។
អ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទប្រើឧបាយកលក្លែងបន្លំភាគហ៊ុននៅលើទីផ្សារភាគហ៊ុនដែលជាការរំលោភបំពានអំណាច និងការចេញផ្សាយព័ត៌មាននៅលើទីផ្សារភាគហ៊ុនមិនត្រឹមត្រូវ។
យោងតាមបទចោទប្រកាន់របស់តំណាងអយ្យការ លោក Quyet បានបង្កើតឈ្មួញកណ្តាលផ្សារហ៊ុនជាច្រើន ហើយបានចុះឈ្មោះសមាជិកគ្រួសាររាប់សិបនាក់ ដើម្បីជួញដូរភាគហ៊ុន។
ប៉ុន្តែប៉ូលិសបាននិយាយថា ខណៈពេលដែលមានការបញ្ជាទិញភាគហ៊ុនត្រូវបានដាក់នៅក្នុងវគ្គជួញដូររាប់រយជំរុញឲ្យតម្លៃភាគហ៊ុនត្រូវបានលុបចោលនៅមុនពេលត្រូវបានដាក់ឲ្យដេញថ្លៃ។
តុលាការបានចោទប្រកាន់លោក Quite ពីបទកេងបន្លំប្រាក់ដោយខុសច្បាប់ជាង ១៤៦ លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២២។
តុលាការបានបន្ថែមបទចោទលើលោក Quyet ពីបទបង្កឲ្យជនរងគ្រោះចំនួន ២៥,០០០ នាក់រងគ្រោះដោយសារតែការក្លែងបន្លំភាគហ៊ុននៅលើទីផ្សារភាគហ៊ុន។
ពាណិជ្ជករភាគហ៊ុនម្នាក់មកពីទីក្រុងហាណូយ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា Trung បានប្រាប់ AFP ថាគាត់បានខាតបង់ប្រាក់ជិត ៨,០០០ ដុល្លារអាមេរិក បន្ទាប់ពីបានដាក់ប្រាក់វិនិយោគលើទីផ្សារភាគហ៊ុនដែលទាក់ទងនឹងក្រុម FLC ។
លោកបាននិយាយថា “អ្វីដែលលោក Quyet និងអ្នកផ្សេងទៀតបានធ្វើ គឺជាឧបាយកលក្លែងបន្លំភាគហ៊ុននៅលើទីផ្សារភាគហ៊ុនដែលគាត់រួមទាំងក្រុមរបស់គាត់ត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់។
“ហើយខ្ញុំទទួលស្គាល់នូវការខាតបង់របស់ខ្ញុំដែលជាបទពិសោធមួយសម្រាប់ការជួញដូរនាពេលអនាគត”។
- “សុបិនតាមលងខ្ញុំ”
សម្រាប់ពាក្យចុងក្រោយរបស់គាត់នៅចំពោះមុខតុលាការ លោក Quyet បានសារភាពថា គាត់មានសុបិនថាចង់ផ្លាស់ប្តូរជីវភាពរស់នៅរបស់ជនជាតិវៀតណាមសាមញ្ញៗ តាមរយ:ការកសាងរមណីយដ្ឋាន និងលំនៅដ្ឋានសម្រាប់សហគមន៍។
ដោយសារតែហេតុផលទាំងនេះទើបនាំឲ្យគាត់ “បែកគំនិតរកវិធីបន្លំប្រាក់ដែលជាករណីមិនស្របច្បាប់”។
តុលាការបានទទួលស្គាល់ថាក្រុម FLC បានបង្កើត និងវិនិយោគលើគម្រោងជាច្រើននៅតំបន់ដាច់ស្រយាល និងក្រីក្រ បង្កើតការងាររាប់ពាន់នាក់ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ការជំនុំជម្រះបានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកក្កដា ក្រោមវត្តមានរបស់មេធាវីជាង ១០០ នាក់៕
ប្រភព៖ AFP/fh