អន្តរជាតិ

ឆ្កែមួយក្បាលបានរត់ទៅរកជំនួយសង្គ្រោះម្ចាស់វាជាបន្ទាន់នៅពេលដែលបានធ្លាក់ពីលើភ្នំកម្ពស់២០ ហ្វីត

ប្រែសម្រួល៖ សហការី

ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា មានឆ្កែមួយក្បាលដែលមានគំនិតឆ្លាតវៃក្នុងការគិតជួយដល់ម្ចាស់របស់វាក្នុងទម្រង់ដែលគេហៅថា Golden Retriever បានរត់ទៅរកជំនួយសង្គ្រោះម្ចាស់របស់វាជាបន្ទាន់នៅពេលដែលម្ចាស់របស់វាបានធ្លាក់ពីលើភ្នំកម្ពស់២០ ហ្វីតនៅក្នុងតំបន់ Pittsburgh ហើយមិនអាចងើបបានបន្ទាប់ពីរងរបួសត្រគាកយ៉ាងធ្ងន់ធ្ងរ។

ឆ្កែដែលល្បីលើបណ្តាញសង្គមកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដោយសារតែវាមានគំនិតឆ្លាតវៃក្នុងការគិតជួយដល់ម្ចាស់របស់វាបន្ទាប់ពីវាបានឃើញគាត់ធ្លាក់ពីលើភ្នំចូលទៅក្នុងជ្រោះមួយ។ ឆ្កែនោះបានរត់ទៅរកអ្នកស្រុកជិតខាងដើម្បិសុំជំនួយសង្គ្រោះម្ចាស់របស់វាជាបន្ទាន់។

បន្ទាប់មកអ្នកជិតខាងក៏បាននាំគ្នាទៅជួយសង្គ្រោះម្ចាស់របស់វាដោយសហការជាមួយនិងភ្នាក់ងារសង្គ្រោះបន្ទាន់ហៅថា Ross/West View EMSA ។

ភ្នាក់ងារសង្គ្រោះបន្ទាន់បាននិយាយនៅក្នុងការបង្ហោះតាមអ៊ីនធឺណិតថា នៅពេលដែលបុគ្គលិក EMS បានទៅដល់កន្លែងកើតហេតុគេបានឃើញម្ចាស់ឆ្កែរងរបួសហើយមិនអាចងើបដើរបានទេខណៈពេលដែលគាត់បានធ្លាក់ទៅខាងក្រោមភ្នំ។

បន្ទាប់មកភ្នាក់ងារសង្គ្រោះបន្ទាន់បានបោះខ្សែពួរទាញយកបុរសនោះឡើងមកលើវិញដោយសុវត្ថិភាព ហើយក៏បានបញ្ជូនគាត់ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងតំបន់ដើម្បីព្យាបាលរបួស។គាត់ត្រូវបានក្រុមវេជ្ជសាស្រ្តព្យាបាលរបួសត្រគាក។

ឆ្កែមួយក្បាលនេះត្រូវបានគេដាក់រហ័សនាមឲ្យថាជាវីរបុរស វាកំពុងរង់ចាំម្ចាស់របស់វាដែលត្រូវបានគេជួយសង្រ្គោះប្រកបដោយសុវត្ថិភាព។

ភ្នាក់ងារសង្គ្រោះបន្ទាន់Ross/West View EMSA បានបង្ហោះសារថា “សូមអរគុណជាពិសេសចំពោះឆ្កែរបស់ជនរងគ្រោះដែលបានជូនដំណឹងដល់អ្នកស្រុកជិតខាងថាត្រូវការរកជំនួយ”  ។ ឆ្កែមិនព្រមចាកចេញពីកន្លែងកើតហេតុនោះទេ រហូតទាល់តែម្ចាស់របស់វាត្រូវបានគេសង្គ្រោះឡើងមកខាងលើវិញប្រកបដោយសុវត្ថិភាពនោះ៕