ដោយ៖ សិរីមតី
ភ្នំពេញ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហ្វីលីព វ៉ុង (Dr. Philip Wong) ដែលមានឯកទេសខាងជំងឺបេះដូងរយៈពេល៣៣ឆ្នាំនិងកំពុងបម្រើការនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី បានអញ្ជើញមកចូលរួមជាវាគ្មិននៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» នៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន។
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកម្ពុជា លោកវេជ្ជបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងការការពារ និងការព្យាបាល ជំងឺបេះដូង ។ នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិតបានពន្យល់អំពីមូលហេតុដែលស្ទះសរសៃឈាម និងវិធីព្យាបាល។
ពាក់ព័ន្ធនឹងប្រធានបទនេះ លោកវេជ្ជបណ្ឌិត ហ្វីលីព វ៉ុង បានមានប្រសាសន៍ថា៖ ការស្ទះសរសៃឈាម មានពីរប្រភេទ។ទី១គឺគាំងបេះដូង។ នៅពេលគាំងបេះដូង ជញ្ជាំងសរសៃឈាមបេះដូង ដាច់រហែកចេញឈាម បណ្តាលឱ្យមានកំណកឈាមក្នុងសរសៃបេះដូង ។អ្នកជំងឺអត់មានរោគសញ្ញាអ្វីទេ នៅសុខៗអ្នកជំងឺស្រាប់តែមានអាការឈឺចុកដើមទ្រូង។ពេលឈឺចុកក្នុងទ្រូងខ្លាំង បណ្តាលឱ្យបែកញើសត្រជាក់ចេញមក ។ចំពោះការគាំងបេះដូងនេះជាជំងឺធ្ងន់ធ្ងរមែនទែន ហើយក្នុងស្ថានភាពនេះ សូមប្រញាប់ទៅមន្ទីរពេទ្យដោយផ្ទាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបញ្ជាក់ថា៖ បញ្ហាសរសៃឈាមបេះដូង ពេលដែលវាស្ទះឬគាំងបេះដូង គឺត្រូវប្រញាប់ព្យាបាលដើម្បីបើកផ្លូវសរសៃឈាម(ដាក់រ៉ឺស័រពង្រីកសរសៃឈាម)ឱ្យបានកាន់តែលឿនកាន់តែល្អក្នុងរយៈពេលពី ៦ ទៅ ១២ ម៉ោង ដើម្បីកុំឱ្យមានការខ្វះឈាមក្នុងបេះដូង ដែលបណ្តាលឱ្យខូចសាច់ដុំបេះដូងលែងដំណើរការ។
ប្រភេទទីពីរនៃការស្ទះគឺជាប្រភេទដែលកើតឡើងបន្តិចម្តងៗក្នុងរយៈពេលច្រើនឆ្នាំ។ កត្តាហានិភ័យកាន់តែធ្ងន់ធ្ងរ គឺការកកស្ទះកាន់តែច្រើនដែលបណ្តាលមកពីអ្នកជំងឺមានជំងឺលើសជាតិខ្លាញ់ សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងការជក់បារីជាដើម។ ទាំងនេះគឺជាលក្ខខណ្ឌដែលធ្វើឱ្យការស្ទះកាន់តែធ្ងន់ធ្ងរ។
នៅពេលដែលការស្ទះសរសៃឈាមបេះដូងបានកើនឡើងច្រើនជាង៧០%ធ្វើឱ្យអ្នកជំងឺមានរោគសញ្ញាកើតឡើង។រោគសញ្ញាខុសគ្នាពីការគាំងបេះដូង។ប្រសិនគាំងបេះដូង គឺវាកើតឡើងភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទី តែការស្ទះសរសៃឈាមកើតឡើងបន្តិចម្តងៗយូរឆ្នាំនេះ គឺនៅពេលណាដែលយើងធ្វើការរាងហត់ គឺឈឺចុកក្នុងទ្រូង ដូចជា ដើរឆ្ងាយ ឬឡើងជណ្តើរ បានវាចាប់ផ្តើមឈឺ។ជំងឺប្រភេទនេះ កើតមានច្រើនជាងនៅសុខៗគាំងបេះដូងភ្លាមៗ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ មាន៣វិធីដែលអាចព្យាបាលការស្ទះសរសៃឈាមទាំងពីរប្រភេទនេះ ។ទី១៖ ដាក់រឺស័រដើម្បីពង្រីកសរសៃឈាមដែលស្ទះ។ ទី២-អ្នកជំងឺខ្លះសរសៃឈាមបេះដូងធំៗទាំងបី ស្ទះទាំងអស់ មិនអាចដាក់រឺស័របានច្រើននោះទេ។ ករណីនេះតម្រូវឱ្យមានការវះកាត់ប្តូរសរសៃបេះដូង។ការវះកាត់នេះត្រូវវះបើកទ្រូង ហើយយកសរសៃឈាមវ៉ែនពីជើង រួចតជាផ្លូវវាងកាត់សរសៃឈាមដែលស្ទះ។ចំណែកវិធីសាស្ត្រទី៣គឺប្រើថ្នាំដើម្បីការពារកន្លែងស្ទះកុំឱ្យកាន់តែស្ទះថែមទៀត និងជួយបង្ការកុំឱ្យមានកំណកឈាម និងចុងក្រោប្រើថ្នាំជួយបំបាត់អាការឈឺចុកទ្រូង។
លោកបានបញ្ជាក់ថា៖រឿងដែលសំខាន់ ក្រៅពីការព្យាបាល អ្នកជំងឺត្រូវតែគ្រប់គ្រងកម្រិតជាតិស្ករ ជាតិខ្លាញ់ និងជំងឺលើសឈាមឱ្យបានល្អ ។ការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
ទាក់ទងនឹងស្ថានភាពជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត បានលើកឡើងថា៖ ដូចនៅបណ្តាប្រទេសអាស៊ានផ្សេងទៀតដែរ អត្រាប្រេវ៉ាឡង់នៃជំងឺបេះដូងកំពុងកើនឡើងច្រើនជាងមុន។ប្រទេសមួយចំនួនបានអភិវឌ្ឍល្អជាងមុន ប្រជាជនជាច្រើនមានជីវភាពល្អប្រសើរលទ្ធភាពនៃការហូបចុកមានកាន់តែច្រើន ។ ដោយសាររបបអាហារពួកគេបានជួបបញ្ហាជំងឺសរសៃឈាម បេះដូង។ជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលខ្ពស់ ជាមូលហេតុនាំឱ្យកើតជំងឺបេះដូង។
នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាច្រើននិងគាំទ្រដល់វិស័យវេជ្ជសាស្ត្រដើម្បីរកជំងឺនេះឱ្យបានទាន់ពេលវេលាហើយកំពុងព្យាយាមដើម្បីគ្រប់គ្រងជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម ជំងឺលើសឈាម កូលេស្តេរ៉ុលខ្ពស់ ផងដែរហើយនៅក្នុង សន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យការគ្រប់គ្រងជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម និងលើសឈាម។
ចំពោះជំងឺលើសសម្ពាធឈាម លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហ្វីលីព វ៉ុង បានមានប្រសាសន៍ថា៖ តាមពិតជំងឺលើសឈាម គឺជារឿងសាមញ្ញណាស់។មានការយល់ខុសថាជំងឺលើសសម្ពាធឈាមចាប់ផ្ដើមនៅពេលចុងក្រោយនៃជីវិត។ ប៉ុន្តែតាមពិត ជំងឺលើសឈាមចាប់ផ្តើមជាចម្បងនៅពេលដែលអ្នកជំងឺមានអាយុលើសពី៣០ឆ្នាំ។ឥឡូវនេះ ដោយសារតែមានការជឿនលឿនខាងវេជ្ជសាស្ត្រគេរកឃើញថាក្មេងៗកាន់តែច្រើនកើតជំងឺលើសឈាម។ដូច្នេះមានកត្តាជាច្រើនដែលប៉ះពាល់ដល់សម្ពាធឈាមខ្ពស់និងធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ។ មូលហេតុចម្បង គឺការទទួលទានអំបិលខ្ពស់និងបន្ទាប់ គឺកង្វះលំហាត់ប្រាណ។កត្តាទាំងពីរនេះកើតឡើងនៅក្នុងប្រជាជនវ័យក្មេងព្រមទាំងអ្នកទាំងឡាយដែលលើសទម្ងន់ធ្វើឱ្យស្ថានភាពជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរឡើង។តែជាសំណាងល្អសព្វថ្ងៃនេះយើងមានឱសថជាច្រើនសម្រាប់ព្យាបាលជំងឺលើសឈាម។ ដូច្នេះប្រសិនបើអ្នកជំងឺមានលើសសម្ពាធឈាមលើសពី ១៤០ លើ៩០ គាត់គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព។ហើយប្រសិនបើចាំបាច់ ត្រូវមានថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាម។ សំខាន់ណាស់ ការគ្រប់គ្រងសម្ពាធឈាមបានល្អ ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។
នៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង ព្រោះបច្ចុប្បន្ននេះ អត្រាស្លាប់នៃជំងឺមិនឆ្លងមានលើសពី៥០% ដែលភាពច្រើន គឺជំងឺសរសៃឈាម និងជំងឺបេះដូង ដែលទាមទារឱ្យប្រជាពលរដ្ឋ ត្រូវការប្រុងប្រយ័ត្នការហូបចុកប្រចាំថ្ងៃ ត្រូវពិសា អំបិលតិច ស្ករតិច និងខ្លាញ់តិច។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ការហូបចុក និងរបៀបនៃការរស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង។ ការបរិភោគខ្លាញ់ច្រើន ស្ករឬអំបិលច្រើន ពិសាគ្រឿងស្រវឹង ឬជក់បារី វាអាចបណ្ដាលឱ្យមានជំងឺផ្សេងៗ ដែលជំរុញឱ្យកើតជំងឺសរសៃឈាមបេះដូង។ បច្ចុប្បន្ននេះ អត្រាស្លាប់ដោយជំងឺមិនឆ្លងមានលើសពី៥០% ជាពិសេសគឺជំងឺសរសៃឈាមបេះដូង និងជំងឺបេះដូង។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមជំងឺបេះដូងកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រូពេទ្យបេះដូងកម្ពុជា បានត្រូវបង្កើតឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នារវាងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងកម្ពុជាយើង និងសហភាតរៈគ្រូពេទ្យឯកទេសបេះដូងអន្តរជាតិ ដើម្បីចែករំលែកនិងដកស្រង់នូវបទពិសោធន៌រវាងគ្នានឹងគ្នាស្តីអំពីការអភិវឌ្ឍន៍ថ្មីៗ និងនវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺបេះដូង-សរសៃឈាម នៅលើសកលលោក ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរយើង ដើម្បីធានាឱ្យបាននូវប្រសិទ្ធិភាពនៃការព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងឱ្យបានល្អប្រសើរ។សន្និសិទវេជ្ជសាស្ត្រប្រចាំឆ្នាំនេះ គឺមានទិសដៅស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេស ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវជំងឺមិនឆ្លង ជាពិសេសជំងឺបេះដូងនិងសរសឈាមក្នុងប្រទេសកម្ពុជា៕