ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លើកនេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបង្ក្រាបទីតាំងកែច្នៃនិងផលិតចម្រាញ់សារធាតុពីស្លឹកក្រាធំ។
មន្ត្រីនគរបាលជំនាញខាងលើបានអោយដឹងកាលពីថ្ងៃទី៣១ខែ កក្កដា ឆ្នាំ២០២៤ ថា: ប្រតិបត្តិការនោះ ក៏មានការសម្របសម្រួលពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារងនៃអយ្យការអម១សាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។ក្នុងនោះ កម្លាំងបានចុះពិនិត្យនិងដកហូតវត្ថុតាងផ្លែស្លាកញ្ចប់និងទឹកកាធុម (ក្រាធំ) ក្នុងភូមិសាស្ត្ររក្រុងប៉ោយប៉ែត។
ការចុះបង្ក្រាបនេះ ក៏ដោយសារយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ខៃ បូ (CAI BO) ជានាយកក្រុមហ៊ុនស៊ាងយី ប៊ីនឡាង ត្រេឌីង ឯ.ក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នោះផង។
មន្ត្រីបន្តថា : ក្នុងនោះសមត្ថកិច្ចនគរបាលបានចុះចំនួន០២ទីតាំង:
ទីតាំងទី១: ជីងជីងម៉ាត ស្ថិតក្នុងបុរី ដឹផាក ស៊ីធី ប៉ោយប៉ែត(The Park City Poipet Building ) ផ្ទះលេខ A106 ដែលមានឈ្មោះ សៅ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការហាងលក់ទំនិញ (ជាតំណាងម្ចាស់អាជីវកម្ម) ។
ទីតាំងទី២: ក្នុងសណ្ឋាគារឈាវ ចាន់ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះ គង់ សុធាវី ភេទស្រី អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារឈាវ ចាន់ (ជាតំណាងម្ចាស់សណ្ឋាគារ) ។
សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួនពីទីតាំងទាំង២កន្លែង ហើយអនុវត្តនូវនិតិវិធីនូវការធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាព ។ ពុំនោះទេ លើកក្រោយនឹងត្រូវឃាត់ខ្លួនមនុស្សនិងរឹបអូសវត្ថុតាង ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការជាមិនខាន ៕