សន្ដិសុខសង្គម

បញ្ជូនជនជាតិថៃម្នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាងជិត២ពាន់គ្រាប់ទៅតុលាការ

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិថៃម្នាក់ឆ្លងដែនមកចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែតត្រូវកម្លាំងនគរបាលចាប់បញ្ជូនទៅតុលាការខេត្តកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឱ្យដឹងថាៈ ជនសង្ស័យជាជនជាតិថៃឈ្មោះ ស៊ូ រ៉ាសាក់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់បន្តទៀតថាៈ នៅពេលឃាត់ខ្លួន កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនប្រភេទគ្រាប់WYពណ៌ក្បឿង និងពណ៌បៃតងចំនួន១៩៩១គ្រាប់ និងសម្ភារមួយចំនួនទៀតកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចការ៉ាសសាំងPPTស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាៈ ក្រោយឃាត់ខ្លួន ជនសង្ស័យនិងគ្រឿងញៀនជិត២ពាន់គ្រាប់ត្រូវបាននាំយកមកសាកសួរ។ តាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕