សន្ដិសុខសង្គម

ផ្ទះជាង ២០០០ខ្នង និងដំណាំស្រូវជាង ៣០០០ហិកតាក្នុងស្រុកឯកភ្នំប៉ះពាល់ដោយជំនន់ទឹកស្ទឹង

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង÷ ផ្ទះរបស់ប្រជាពលរដ្ឋជាង ២០០០ខ្នង និងដំណាំស្រូវជាង ៣០០០ហិកតាទៀតបានប៉ះពាល់លិចដោយទឹកជំនន់ទឹកស្ទឹងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មន្ត្រីរដ្ឋបាលស្រុកឯកភ្នំបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះថា÷ គិតត្រឹមថ្ងៃទី២៩កក្កដា កន្លងមកនេះភូមិសាស្ត្រស្រុកមួយភាគបានប៉ះពាល់ដោយទឹកជំនន់គួរឲ្យកត់សម្គាល់ ក្នុងនោះបានប៉ះពាល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន ៥ ក្នុងស្រុកឯកភ្នំ រួមមាន៖ ឃុំពាមឯក, ឃុំព្រែកហ្លួង, ឃុំសំរោងក្នុង, ឃុំព្រែកនរិន្ទ និងឃុំព្រែកខ្ពប សរុបខ្នងផ្ទះចំនួន ២១៤៩ខ្នង ជន់លិចទាំងស្រុងចំនួន ៣៤ខ្នង។

ជំនន់ទឹកស្ទឹងខាងលើនេះដែរក៏បានប៉ះពាល់ដំំណាំស្រូវរបស់ប្រជាកសិករមួយចំនួនទៀត សរុបផ្ទៃដីចំនួន ៣៥២០ហិកតាក្នុងចំណោមប្រជាពលរដ្ឋរបស់ឃុំទាំង ៥ខាងដើម។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានបន្តបន្ថែមទៀតថា÷ ជំនន់ទឹកស្ទឹងដែលមានប្រភពមកពីតំបន់ស្រុកសំឡូត ឆ្លងកាត់ដងស្ទឹងសង្កែ រួចហូរចាក់ទាំងស្រុងចូលតំបន់ទំនាបស្រុកឯកភ្នំនេះតែងកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែផលប៉ះពាល់តិច និងច្រើន។ ទឹកជំនន់ដើមដៃឆ្នាំនេះក្រៅពីបង្កការប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក៏បានប៉ះពាល់ដល់ប្រព័ន្ធផ្លូវថ្នល់ជាច្រើនទៀតរួមមាន៖ ផ្លូវក្រាលកៅ ផ្លូវក្រាលក្រួសក្រហម ផ្លូវដី និងផ្លូវបេតុង សរុប ៥៨កន្លែង ស្មើរាប់សិបគីឡូម៉ែត្រ រួមទាំងសាលារៀនចំនួន ៦កន្លែង វត្តអារាមចំនួន ៥កន្លែងផ្សេងទៀត៕