ដោយ៖សុខុម
ស្ទឹងត្រែង÷កើតចេញពីកូនកសិករម្នាក់ស្ថិតក្នុងវ័យ២០ ឆ្នាំបញ្ចប់ការសិក្សាក្នុងខេត្ត ចាប់ផ្តើមចូលបម្រើការងាររដ្ឋតស៊ូឆ្លងកាត់ ឧបសគ្គ ជាច្រើនមកដល់បច្ចុប្បន្ន រយៈពេលជាង ៣៥ឆ្នាំ ទើបបានក្លាយជាប្រធានស្ដីទី ពន្ធនាគារខេត្តស្ទឹងត្រែង។
ប្រវត្តិខ្លះៗរបស់លោកសាត់ ភី កូនកសិករ រស់នៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដោយមានម្ដាយនិងឪពុកជាជនជាតិខ្មែរ។
នៅថ្ងៃទី១ខែតុលាឆ្នាំ១៩៨៨ ស្ថិតក្នុងវ័យ២០ឆ្នាំ ចាប់ផ្តើមចូលបំពេញការងារក្របខ័ណ្ឌរដ្ឋជានគរបាលខេត្តស្ទឹងត្រែង។ក្រោយរដ្ឋបង្កើតជាអគ្គទើបបានក្លាយជាមន្រ្តីពន្ធនាគារខេត្តស្ទឹងត្រែង។ ការងារលើកដំបូងរបស់លោក ដោយសារតែផ្ទះស្រុកកំណើត តម្រូវឲ្យធ្វើដំណើរឆ្លងកាត់ពីស្រុកថាឡាបរិវ៉ាត់មកក្រុងស្ទឹងត្រែង លោកត្រូវធ្វើដំណើរដោយចែវទូកតែម្នាក់ឯង ឆ្លងកាត់ព្យុះភ្លៀងក៏មានមកធ្វើការ។ ពីព្រោះកាលនោះ ពុំមានស្ពានឆ្លងកាត់ទន្លេមេគង្គ មានការអភិវឌ្ឍដូចបច្ចុប្បន្នឡើយ។ ជួនពេលខ្លះ លោកត្រូវយកសម្លៀកបំពាក់មករស់នៅ បាយទឹកជាមួយអ្នកដទៃ ដែលបច្ចុប្បន្នស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
ក្នុងនាមជាមន្ត្រីបម្រើការងារនៅស្ថាប័នពន្ធនាគារ ដែលមិនអាចចាកចេញឆ្ងាយទៅណាបាន លោកសាត់ភីអនុវត្តប្រចាំការជួនពេលខ្លះធ្វើដំណើរ ទៅពន្ធនាគារ ទាំងមេឃខ្យល់ភ្លៀង ដើរដោយថ្មើរជើងនិងពេលខ្លះប្រចាំការនៅពេលថ្ងៃ។ លុះពេលធ្វើការយូរៗទៅ ថ្នាក់ដឹកនាំក្នុងអង្គភាពនិងថ្នាក់លើ មើលឃើញពីការខិតខំតស៊ូអស់ជាច្រើនឆ្នាំទើបដំឡើងឋានៈបន្តិចម្ដងៗ។ ក្រៅពីការងារក្នុងអង្គភាព លោកក៏ធ្លាប់ទៅបន្តសិក្សានៅក្រៅប្រទេសតាមការចាត់តាំងផងដែរ។
នៅក្នុងអង្គភាព ដោយសារតែអត្តចរិត ស្លូតបូតម៉ឺងម៉ាត់ក្នុងការងារនិង យោគយល់ធ្វើឲ្យមន្ត្រីមិត្តរួមការងារ គោរពស្រឡាញ់រាប់អាន លោកមិនដែលមានប្រវត្តិរឿងអាស្រូវ ខុសច្បាប់ឡើយ។ចាប់តាំង ពីមានតួនាទីជាអនុប្រធានពន្ធនាគារនោះមក គេតែងសង្កេតឃើញមានការចាត់តាំងនៅក្នុងអង្គភាពឲ្យចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនទាំងក្នុងការងារគណបក្សជាមួយថ្នាក់ដឹកនាំ។ល។ការងារខ្លះមិនថាក្នុងខេត្តកិច្ចប្រជុំអ្វីផ្សេង ឬចុះមូលដ្ឋាននៅតាមព្រំដែនតែងឃើញចូលរួម ជាមួយ អភិបាលខេត្តនិងតំណាងរាស្រ្តក្នុងនាមជាអង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង។
នៅក្នុងអង្គភាពក្រៅពីមន្រ្តីថ្នាក់ដឹកនាំពីមួយអាណត្តិទៅមួយអាណត្តិ ក៏មានការគោរពស្រឡាញ់រាប់អានលោកផងដែរ។
មកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានចុះហត្ថលេខា សម្រេចប្រគល់ភារកិច្ច ជូនលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣សាត់ភី អត្តលេខ០៣១២ អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជា ប្រធានស្ដីទីពន្ធនាគារខេត្តស្ទឹងត្រែងជំនួសលោក ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ លឹម វាសនា ដែលត្រូវបានផ្អាកការងារពីប្រធានពន្ធនាគារបណ្ដោះអាសន្ន។
ពេលនេះលោកសាត់ ភី ត្រូវទទួលបន្ទុកដឹកនាំក្នុងអង្គភាពការងារ ហើយក៏អាចនិយាយបានថា ចាប់តាំងពីផ្តើមចូលបម្រើការងាររយៈពេល៣៥ឈានចូល៣៦ឆ្នាំកន្លងមកនេះ នៅពេលខាងមុខលោកនឹងត្រូវចូលនិវត្តន៍ក្នុងអង្គភាពពន្ធនាគារ៕