ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង៖ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ជន់ហក់ឡើងខ្ពស់ អាជ្ញាធរស្រុក ក្រុងមួយចំនួនដែលឋិតនៅតាមប្របមាត់ស្ទឹងបានប្រកាសឲ្យប្រជាពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាព។
ចាប់ពីថ្ងៃទី ២៨ ខែកក្កដា មក អាជ្ញាធរស្រុក ក្រុងដែលឋិតនៅតាមបណ្តោយដងស្ទឹងសង្កែ ដូចជា រដ្ឋបាលស្រុកបាណន់ ស្រុករតនមណ្ឌល ស្រុកសង្កែ រួមទាំងរដ្ឋបាលក្រុងបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នពីសវត្ថិភាពនានាដែលអាចកើតឡើងជាយថាហេតុ។
ស្ថានភាពទឹកស្ទឹងដែលគួរឲ្យគាត់សម្គាល់ និងត្រូវបង្កើនការប្រុងប្រយ័ត្ននេះ បានកើតឡើងបន្ទាប់ពីទឹកភ្លៀងផ្នែកខាងលើ និងផ្នែកកណ្តាលនៃស្រុកសំឡូត នៅតែបន្តធ្លាក់ និងរលឹមច្រើនក្នុងកម្រិតខ្ពស់ទើបជាហេតុនាំឲ្យទឹកហូរស្រុងចុះមកទីទំនាប បឹងបួ និងដងស្ទឹងសង្កែក្នុងល្បឿនលឿនគំហុក។
ជាមួយគ្នាដោយពិនិត្យឃើញពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែនៅថ្ងៃទី២៨ – ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្តីប្រកាសព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៅប៉ែកខាងក្រោមស្រុកឯកភ្នំ ស្រុកសង្កែ ឲ្យត្រៀមបង្ការពីជំនន់ទឹកភ្លៀងនេះដែរ លើសពីនេះក៏បានត្រៀមកម្លាំងគណៈបញ្ជាការស្រុក ក្រុង និងគណ:បញ្ជាការខេត្ត ជាស្រេចដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋក្នុងប្រការហានិភ័យផ្សេងៗ។
កម្ពស់ទឹកស្ទឹងសង្កែ នៅយប់ថ្ងៃទី ២៨ កក្កដា ជន់ឡើងមានកម្ពស់ ១២,៦០ម៉ែត្រ ប៉ុន្តែរហូតដល់ម៉ោងជិត ១០:០០នាទីព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ កម្ពស់ទឹកស្ទឹងសង្កែ បានជន់ហក់ឡើងក្នុងកម្ពស់ ១៣,៧០ម៉ែត្រ ខិតជិតដល់ចំណុចប្រកាសអាសន្ន ១៤.៥០ម៉ែត្រ៕