ដោយ÷សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានកសាងសំណុំរឿងលោកមេធាវីនិងអង្គរក្សម្នាក់បញ្ជូនទៅតុលាការ ក្រោយរងការពាក់ព័ន្ធផ្ទុះអាវុធក្នុងក្លឹបកម្សាន្តមួយកន្លែងកាលពីយប់រំលងអធ្រាត្រ។
សមត្ថកិច្ចបានឲ្យដឹងថា នៅយប់កើតហេតុ មានមនុស្សប្រុសស្រីមួយក្រុមនាំគ្នាចូលក្លឹបកម្សាន្ត Central.X ។នៅពេលនោះក៏មានការហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងសប្បាយហ៊ឺហាបែបអភិជនស្រវឹងឈានទៅដល់ដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះបញ្ចូលគ្រាប់ កាន់រេចុះឡើងក្នុងក្លឹប។ភ្លាមនោះមេការក្លឹបបានតាមអង្វរ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ក៏ប៉ុន្តែអ្នកកាន់កាំភ្លើងមិនស្តាប់ទេ ថែមទាំងបាញ់ឡើងលើមួយគ្រាប់ភ្ញៀវផ្អើលរត់ចេញមកក្រៅ។
ក្រោយកើតហេតុបន្តិច អាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើមម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាព។មួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
សមត្ថកិច្ចបាននិយាយឱ្យដឹងបន្តថា ចម្លើយជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនមិនបានបាញ់ទេ។ឈ្មោះខុន បញ្ចសិទ្ធិគេដឹងថាជាអ្នកមានជាន់ថ្មីរកស៊ីមានបានខាងដីធ្លី ជាមេធាវីផង និងមានងារជាឧកញ៉ាផងក្រោយទទួលបានគោរម្យងារឧកញ៉ានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ស្តាប់ចម្លើយជនសង្ស័យបន្តទៀតថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្លួននោះទេ។ រីឯតៃកុងឡានបានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។បើទោះបីជាការឆ្លើយដាក់គ្នារឿងបាញ់បោះបែបនេះក្តី សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ទីបំផុតសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញនៅតែកសាងសំណុំរឿងបញ្ជូនទៅតុលាការដដែល។
មហាជនរង់ចាំមើលថាតើវាសនាអ្នកមានលុយប្រព្រឹត្តខុសច្បាប់នឹងទៅជាយ៉ាងណានៅពេលបញ្ជូនទៅដល់ដៃតុលាការហើយនោះ៕