កីឡា

បើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ

ដោយ : បន្ទាយ
ភ្នំពេញ : នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ការប្រកួតនេះមានការចូលរួមពីលោក លោកស្រី លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក និងមានវត្តមានលោក លោកស្រី អតីតសិស្សទស្សវត្សទី៨០ និងព្រឹទ្ធាចារ្យអតីតគ្រូបង្រៀនសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ក្រុមកីឡាករទាំងអស់ចូលរួមយ៉ាងច្រើនកុះករ។

សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតក្នុងថ្ងៃនេះ មានចំនួន០៩ក្រុម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យមករៀននៅភ្នំពេញ ទាំង០៩ក្រុងស្រុក បែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃបើកការប្រកួតនេះ រហូតដល់ថ្ងៃបិទបញ្ចប់។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ក៏ដូចជាមានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និងឧបត្ថម្ភការប្រកួតទាំងស្រុងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងពីចំណាប់អារម្មណ៍០២ចំណុច នោះគឺ៖ ទី១- បានស្ងើចសរសើរអំពីការបំលែងខ្លួន ពីតំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ មកជាសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលចំណុចនេះ បង្ហាញពីស្មារតី យកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការបង្រួបបង្រួមនូវ ចំណងមិត្តភាព មនោសញ្ចេតនា ជួយយកអាសាគ្នា រវាងអ្នកដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់ រាប់អានគ្នាប្រៀបដូចជា បងប្អូនសាច់ញាតិ ក្នុងគ្រួសារតែមួយ។ ទី២- បានភ្ញាក់ផ្អើល នៅពេលបានឃើញតួលេខយុវនិស្សិតខេត្តបន្ទាយមានជ័យ មានវត្តមាននៅ រាជធានីភ្នំពេញ មានចំនួនរហូតដល់ ៣.៧៩២នាក់ ។
ក្នុងនោះ២,៥៦៧នាក់ កំពុងនៅបន្តការសិក្សា និង ១,២២៥នាក់ បានបញ្ចប់ការសិក្សាកំពុងធ្វើការនៅរាជធានីភ្នំពេញ ។
ដែលចំនួននេះពិតជាច្រើនណាស់ទៅហើយសម្រាប់អ្នកបន្ទាយមានជ័យ ដែលអាចមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមនៅរាជធានី ខណៈដែលនៅខេត្តក៏មានសកលវិទ្យាល័យច្រើនផងដែរនោះ៕