ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷ទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានករណីលួចផលិតទឹកក្រាធំ នៅផ្ទះមួយកន្លែងទៀត នៅម្ដុំចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចំនួន២០នាក់ ចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ តែក្រុមជនសង្ស័យបានដឹងខ្លួនមុនចាក់សោផ្ទះទុកចោលហើយរត់គេចខ្លួនបាត់អស់។
លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ដោយបានការអនុញ្ញតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រូលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលក្រុងប៉ោយប៉ែតបានសម្រេចកាត់សោផ្ទះ និងបានរកឃេីញមានវត្ថុតាង៖ ១.ទឹកក្រាធុំចំនួន០៦ឆ្នាំង និង៣០០ដប, ២.ស្លឹកក្រាធំចំនួន១០ថង់ធំ ស្មើនឹង១៦៧គីឡូក្រាម, ៣.ថ្នាំក្អកចំនួន០២កេសធំ(សារធាតុផ្សំ), ៤.កញ្ឆាស្ងួតចំនួន០៧ថង់, ៥.កាធុនដែកចំនួន០៦, ៦.ធុងទឹកកកចំនួន០៣, ៧.ឧបករណ៍ជក់កញ្ឆាចំនួន៣១បំពង់, ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង, ៩.ថង់វេចខ្ចប់ និងដបច្រកមួយចំនួនធំ, ១០.ទូដែកចំនួន០១។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានរក្សាទុកក្នុងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណែកទឹកក្រាធំនិងស្លឹកក្រាធំត្រូវបានបំផ្លាញចោល។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា : ការអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវតែបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការចរាចរ ជួញដូរ និងប្រេីប្រាស់គ្រឿងញៀនជាដើម។
ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះបង្ក្រាបនូវទីតាំងផលិត ចែកចាយ ផលិតផលចេញពីស្លឹកក្រាធំ (ប្រភេទភេសជ្ជៈលាយជាមួយថ្នាំបាត់ក្អក ) ដែលលួចនាំចូលពីប្រទេសថៃ ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសយុវវ័យនិងកុមារ។
លោកឧត្ដមសេនីយ៍បោន ប៊ិន ក៏បានបន្តថា : ការបង្ក្រាបករណីនេះ ធ្វើដូចភ្លៀងរលឹម មិនអនុញ្ញាតឱ្យមានការលួចនាំចូល ចែកចាយផលិត នៅក្នុងទឹកដី នៃក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យឡើយ។លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយសមត្ថកិច្ច បើសិនជាឃើញថាមានកន្លែងណាមានការលួចនាំចូល ផលិត និងចែកចាយស្លឹកក្រាធំ សូមរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការបង្ក្រាប ដោយគ្មានការលើកលែងឡើយ ៕