ព័ត៌មានជាតិ

ក្រុមហ៊ុនស៊ីណូហាយដ្រូនឹងបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកទំនប់វារីអគ្គិសនីកំចាយ

ដោយ៖ កំចាយ

កំពត÷ ព្រោះតែកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយបានឡើងលើសកម្រិតប្រកាសអាសន្ន អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូនឹងបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូដែលបានជម្រាបជូនរដ្ឋបាលខេត្តកំពតដើម្បីបញ្រ្ជាបបន្តដល់ប្រជាពលរដ្ឋរស់នៅតាមដងព្រែកផ្នែកខាងក្រោមខ្សែទឹកនៃស្ថានីយទំនប់វារីអគ្គិសនីកំចាយ។

សេចក្តីជូនដំណឹងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ មានខ្លឹមសារថា នាពេលថ្មីៗនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ធ្វើឲ្យកម្ពស់ទឹកក្នុងអាងស្តុកកើនលើសពី១៤៨ម៉ែត្រដែលជាកម្រិតត្រូវប្រកាសអាន្ន។ ដោយមានការយល់ព្រមពីអាជ្ញាធរអគ្គិសនីកម្ពុជា ដូចនេះ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយនឹងបើកទ្វារដើម្បីរំដោះទឹកចេញពីអាងស្តុកនៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមរដ្ឋបាលខេត្តកំពតជូនដំណឹងដល់ប្រជាពលរដ្ឋ កសិករ អាជីវករនៅតាមដងព្រែកផ្នែកខាងក្រោមខ្សែទឹកនៃស្ថានីយទំនប់វារីអគ្គិសនីកំចាយជាមុនដើម្បីចាត់វិធានការការពារ និងប្រុងប្រយ័ត្នឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ បុគ្គលិកក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយបានរាយការណ៍ថា នាវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែកក្កដា កម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយមានកម្រិត១៤៨,៨៨ម៉ែត្រ ដោយទឹកហូរចូលចំណុះ៣២០,១០ ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕