ព័ត៌មានជាតិ

មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យទទួលជួបសំណេះសំណាលពីរដ្ឋមន្ត្រីរបស់ខ្លួន

 ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍គណ:ប្រតិភូរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ខ្លួនដែលបានអញ្ជើញចុះសាកសួរ និងសំណេះសំណាលជាមួយ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក អ៊ុ រាត្រី អភិបាលខេត្តផងដែរ ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញលទ្ធផលការងាររួមដែលជាវឌ្ឍនភាព ការប្រឈមរបស់មន្ទីរបរិស្ថានខេត្ត  ។

នាឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។

លោកបន្តថា ៖ បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយផាកសុកភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ។គោលការណ៍របស់ក្រសួងបរិស្ថានគឺមាន៣ចំណុចសំខាន់គឺសមត្ថភាពបុគ្គល ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ចបានល្អ មានតម្លាភាព ប្រសិទ្ធភាព។

ទិសដៅការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ៖ បរិស្ថានគឺមានតួនាទីចូលរួមដឹកនាំគ្រប់គ្រងវិស័យបរិស្ថាន ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រវិស័យបរិស្ថាន(២០២៣-២០២៨ ) សំដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយភាពស្អាត ភាពបៃតង និងត្រូវចូលរួមលើកកម្ពស់ការយល់ដឹងក្នុងវិស័យបរិស្ថាន រួមគិតរួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើភាពស្អាត ភាពបៃតងនិងចីរភាពសម្រាប់រូបយើង កូនចៅយើងគ្រប់ជំនាន់។

ដូចនេះ យុទ្ធសាស្ត្រដែលដាក់ចេញជាយុទ្ធនាការទទួលបានជោគជ័យជាបន្តបន្ទាប់នោះគឺ«កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន»។

ចុងបញ្ចប់ នៃកម្មវិធីសំណេះសំណាល លោកបណ្ឌិតរដ្ឋមន្ត្រីក៏បានបំពាក់គ្រឿងឥស្សរិយយសមេដាយដល់មន្ត្រី និងបានប្រគល់សម្ភារមួយចំនួន ជូនដល់ក្រុមមន្ត្រីឧទ្យានុរក្សប្រចាំការនៅតាមតំបន់ការពារធម្មជាតិ៕