ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៖ឆ្នាំ២០៣០កម្ពុជានឹងគ្របដណ្តប់ដោយប្រព័ន្ធទឹកស្អាតនិងអនាម័យជនបទនៅទូទាំងប្រទេស

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសថា នៅឆ្នាំ ២០៣០ ប្រទេសកម្ពុជានឹងសម្រេចការគ្របដណ្តប់ដោយប្រព័ន្ធទឹកស្អាត និងអនាម័យជនបទ នៅទូទាំងប្រទេស ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨១ ភាគរយ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបែបនេះនៅក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញចូលរួមអបអរសាទរ ខេត្តកំពង់ចាម ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ កក្កដា។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ អនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទ នៃប្រទេសកម្ពុជា ឲ្យក្លាយជាតំបន់អភិវឌ្ឍ និងមាននិរន្តរ៍ភាព។

ឯកឧត្តមបានបន្ថែមថា៖ តាមរយៈ ចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅ របស់ប្រជាជន នៅតំបន់ជនបទ ប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយបានកំណត់ នូវយុទ្ធសាស្ត្រ ជាសរសរស្ដម្ភ ចំនួន ៤ គឺ ១.ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍,២.ការកែលម្អល័ក្ខខ័ណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ឲ្យប្រជាជន មានសុខភាពល្អ,៣.ការធ្វើពិពិតកម្មសកម្មភាព សេដ្ឋកិច្ចជនបទ និង៤.ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ឯកឧត្តមបានបន្តថា៖ បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍បាន និងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ដែលមកដល់ពេលនេះ អត្រាគ្របដណ្ដប់ទឹកស្អាត និងអនាម័យជនបទ ទូទាំងប្រទេស សម្រេចបានប្រមាណជា ៨១ភាគរយ ហើយឆ្នាំ២០៣០ នឹងសម្រេចឱ្យបាននូវអត្រាគ្របដណ្ដប់ ១០០ ភាគរយ៕