សន្ដិសុខសង្គម

ម្នាក់បាត់ប.ង់ជី.វិតនិងអ្នកភូមិជិត២០នាក់ទៀតមានអាការឈឺពោះ ក្អួត សង្ស័យពុ.លផ្សិត

ដោយ៖ សុខុម

រតនគិរី÷របាយការណ៍បឋមរបស់ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា កាលពីយប់ថ្ងៃទី២៣កក្កដាមានគ្រួសារមួយមកពីភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ សង្ស័យពុលផ្សិតម្យ៉ាងដែលពុំទាន់ស្គាល់ឈ្មោះ។

គ្រួសារអ្នកជំងឺបាននិយាយថា ពួកគេបានធ្វើសម្លផ្សិតដោយដាក់លាយជាមួយសត្វគីងគក់។បន្ទាប់ពីទទួលទានរួចមានអាការឈឺពោះ វិលមុខ ឈឺក្បាល ក្អួត ចុកពោះ នាំគ្នាមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ស្រុកវ៉ើនសៃ។ នៅពេលនោះស្ថានភាពកាន់តែធ្ងន់ធ្ងរក៏មកមន្ទីរពេទ្យបង្អែកខេត្ត។ជាអកុសល្យឈ្មោះ ប្រង កេះ អាយុ៣០ឆ្នាំបាត់បង់ជីវិត។រីឯប្រពន្ធគាត់គ្រូពេទ្យជួយទាន់។

បន្ទាប់ពីមានករណីខាងលើ ក្រុមការងារដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះធ្វើការអង្កេតសា្រវជ្រាវដល់ភូមិកើតហេតុដើម្បីអប់រំណែនាំដល់អ្នកភូមិឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ជាពិសេសត្រូវអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាលគឺបរិភោគស្អាត ផឹកស្អាត ទទួលទានមានអនាម័យ។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះក៏មានការសង្ស័យពុលផ្សិតស្រដៀងគ្នាក្រោយពីអ្នកភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវដកផ្សិតមកពីក្បែរគុម្ពឫស្សីយកមកធ្វើម្ហូបទទួលទាន។ អ្នកភូមិពុលមានរហូតដល់ទៅចំនួន១៧នាក់។ អ្នកភូមិដែលពុលផ្សិតម្យ៉ាងមិនបណ្តាល ឱ្យស្លាប់នោះទេបន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា៕