ដោយ : បន្ទាយ
ភ្នំពេញ៖ មនុស្ស១៧នាក់ពាក់ព័ន្ធករណីបទល្មើសលើគ្រឿងញៀន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ ។
សមត្ថកិច្ចខាងលើបានឲ្យដឹងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៤ថា: ការឃាត់ខ្លួនធ្វើនៅគោលដៅផ្សេងៗគ្នា។ ទី១-ចំណុចបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ទី២-ចំណុចសំណង់អនាធិបតេយ្យ ស្ថិតក្នុងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ទី៣-ចំណុចលើផ្លូវបេតុង ទល់មុខសាលាបឋមសិក្សាបាក់ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងទី៤-ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។សមត្ថកិច្ចបានដកហូតគ្រឿងញៀនក្រាមសថ្លាសរុបចំនួន៤៤កញ្ចប់ (ធំ-តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញឿនចំនួន០៣, សម្ភារប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
ជាលទ្ធផលនៅថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីទាំង១៧នាក់នោះ ទៅមណ្ឌលផ្សេងៗគ្នារួមមាន៖ ១៣នាក់បញ្ជូនទៅតុលាការដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និង០៤នាក់បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀននៅស្រុកកណ្តាលស្ទឹង។
សូមបញ្ជាក់ថាជនប្រុសស្រីទាំង១៧នាក់មានអាយុពី១៥ឆ្នាំដល់៤៤ឆ្នាំ ៕