សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទឆបោកលុយក្រោមហេតុផលនាំពលករទៅប្រទេសកូរ៉េ

ដោយ៖ កំចាយ

កំពត÷ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងពីបទឆបោកលុយប្រជាពលរដ្ឋក្រោមហេតុផលថានាំកូនចៅទៅធ្វើការនៅប្រទេសកូរ៉េ។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា ថ្មីៗនេះ ស្នងការដ្ឋានបានទទួលបណ្តឹងពីប្រជាពលរដ្ឋ២២គ្រួសារស្តីពីការខាតបង់ប្រាក់អស់៤៦.៣០៥ដុល្លារ ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោកថានាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ។ ជាមួយបណ្តឹងនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្តបានបញ្ជាដល់មន្ត្រីជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាចចុះស្រាវជ្រាវក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។

ជាលទ្ធផលនៃការស៊ើបអង្កេតតាមរយ:នាំជនសង្ស័យមកសាកសួរ និងមានការណែនាំពីតំណាងអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោមគំនិតផ្តួចផ្តើមរបស់ប្អូនថ្លៃស្រីកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេបានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុងនាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ៥០០ដុល្លារ ឈ្មោះសាន់ សុកវី មានតួនាទីចាំទំនាក់ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើតគណនីធនាគារសម្រាប់ទទួលលុយពីអ្នកដាក់ពាក្យធ្វើការ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់ពីភ្ញៀវបង់មុន៥០ភាគរយ ពោលគឺចន្លោះពី១.០០០ដុល្លារទៅ២.៥០០ដុល្លារ។ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួលអ្នកដាក់ពាក្យប្រមាណ២០០នាក់មកពីបណ្តារាជធានីខេត្ត និងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។

ដោយសារកូនចៅមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជនសង្ស័យប្រាប់ថាលុយទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗក្រោយពេលភ្ញៀវបង់ឲ្យម្ល៉េះ៕