ដោយ៖ សិរីមតី
ភ្នំពេញ:នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លានរៀលដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា។ ការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ម៉ឺនរៀល ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ។ យុទ្ធនាការនេះបង្ហាញពីកម្លាំងនៃការរួបរួមគ្នា និងបង្ហាញថា ការរួមចំណែកពីបុគ្គល និងស្ថាប័នជាច្រើន ទោះតិចតួចក្តី អាចជំរុញឱ្យមានការគាំទ្រដ៏សំខាន់ សម្រាប់បុព្វហេតុដ៏ថ្លៃថ្លារបស់មូលនិធិ។
ក្នុងយុទ្ធនាការនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៃអង្គាសថវិកាចំនួន ១៨.២៩៣.០០០រៀល និង ៣៦.៧៥៣,០១ ដុល្លារអាមេរិក សម្រាប់មូលនិធិគន្ធបុប្ផា។ សប្បុរសជនដែលបានបរិច្ចាគថវិការួមមាន ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទូទាំងប្រទេស។
ថវិកាមួយផ្នែកដែលមានចំនួន ១៥.២៩៥.០០០ រៀល និង ៦.៧៥៣,០១ ដុល្លារ ត្រូវបានផ្ទេរជូនដល់មូលនិធិតាមគណនីធនាគារ ហើយថវិកាបន្ថែមចំនួន ៣.000.000 រៀល និង ៣0.000 ដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិដោយផ្ទាល់នៅថ្ងៃនេះ។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិគន្ធបុប្ផា ដោយលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង និងមន្ទីរទាំងអស់ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្របុព្វហេតុដ៏សំខាន់នេះ។
មូលនិធិគន្ធបុប្ផា ត្រូវបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner និងបានក្លាយជាមូលដ្ឋានគ្រឹះនៃការថែទាំសុខភាពកុមារនៅកម្ពុជា ដោយផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់៕