សេដ្ឋកិច្ច

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញនិងធនាគារ ហត្ថា សហការគ្នាជួយប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពគុណភាពខ្ពស់

ដោយ៖ សិរីមតី
ភ្នំពេញ៖ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជន ក្នុងការទទួលបានសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នាព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងលោកសាស្រ្ដាចារ្យ Attapoom Susupaus ជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានលើកឡើងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍លើសពីសេវាធនាគារ និងការលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។ លោក បានបន្ថែមថា ធនាគារ ហត្ថា មិនត្រឹមតែមានជំនាញក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងលើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗ ។

បើតាម លោក មិន សុផា បានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចូលសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាព ជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ លោកប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា ក៏បានអះអាងថា ទាំងធនាគារ ហត្ថា និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។

លោកបានអះអាងបន្ថែមថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការគាំទ្រតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា និងការផ្តល់នូវផលិតផលហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាពដូចជាប័ណ្ណហត្ថា វីសា និងហត្ថាម៉ូបាល ជាដើម។

លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ លោកសាស្រា្ដចារ្យបានបញ្ជាក់បន្ថែមថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតនោះ នឹងផ្តល់លទ្ធភាពជូនអតិថិជនក្នុងការរៀបចំគិតគូរពីសុខភាព និងសុខុមាលភាពរបស់ពួកគេ ដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុហួសហេតុពេក»។

សូមជម្រាបជូនថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសលើសេវាវេជ្ជសាស្ត្រ ដែលបង្កើនលទ្ធភាពឱ្យពួកគេទទួលសេវាថែទាំសុខភាពប្រកបដោយគុណភាព។ ទន្ទឹមនេះផងដែរក៏មានការបញ្ចុះតម្លៃរហូតដល់ ១៥% លើការថតកាំរស្មីអ៊ិច ការធ្វើ CT ស្កេន MRI ថ្លៃបន្ទប់ និងសេវាជាច្រើនទៀត នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕