ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង÷ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាបានធ្វើឲ្យដីប្របមាត់ស្ទឹងសង្កែជាច្រើនម៉ែត្របាក់ស្រុត ប៉ះពាល់ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
អាជ្ញាធរស្រុកឯកភ្នំបានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា÷ ហេតុការណ៍ដីមាត់ច្រាំងស្ទឹងបាក់ស្រុតអំឡុងពេលក្រោយធ្លាក់ភ្លៀងនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រ ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឧបទ្ទវហេតុនេះបានបណ្តាលឲ្យបាក់ស្រុតដីច្រាំងមាត់ស្ទឹងប្រវែងប្រមាណ ៥០ម៉ែត្រ និងបណ្តាលឲ្យផ្ទះបាយរានខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋបាក់ស្រុតខូចខាតអស់ចំនួន ២ខ្នងផ្ទះ និងរោងកាហ្វេមួយខ្នងផងដែរ។
មន្ត្រីរដ្ឋបាលស្រុកឯកភ្នំបានបន្ថែមថា÷ ចំពោះមុខនេះ ក្រៅពីការប្រើប្រាស់កម្លាំងគណ:បញ្ជាការស្រុកចុះជួយរៀបចំសម្រាលការលំបាករបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនដែលរស់នៅតាមប្របដងស្ទឹងសង្កែ ពិសេសប្រជាពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិ កូនចៅជាដើម ដោយហេតុថារដូវនេះជារដូវវស្សា ដូច្នេះទឹកស្ទឹងសង្កែអាចជន់ហក់ឡើងមិនទៀងទាត់៕