ពន្ធដារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយន្តការជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគនៅកម្ពុជា។

រូបភាពឯកសារ

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់តួនាទីនិងភារកិច្ច អង្គភាពសវនកម្មពន្ធដារពិសេសនេះ ដូចជា គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព និងទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងវិភាគហានិភ័យនៅនឹងអង្គភាពសវនកម្មពន្ធដារពិសេស ដើម្បីធ្វើសវនកម្មពេញលេញតែមួយលើក ដោយពុំចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម និងសវនកម្មមានកម្រិតលើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕