ដោយ : បន្ទាយ
បន្ទាយមានជ័យ : សមិទ្ធផលនានា ពិសេសព្រះមហាកុដិ”ឆព្វណ្ណរង្សី”ស្ស្ថិតនៅក្នុងវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមាន រាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន២៥៨.១៩២ដុល្លារសហរដ្ឋអាមេរិកត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លងនិងដាក់អោយប្រើប្រាស់ជាផ្លូវការ។
ព្រះតេជគុណទុន សុមនា ជាជំនួយការវត្ត ហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់វត្តពង្រនេះបានមានសង្ឈដីកាថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤ថា: សមិទ្ធផលទាំងឡាយដែលបានកកើតឡើង ពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលសម្ពោធពេលនេះគឺបានមកពីសទ្ធាជ្រះថ្លា រួមមានប្រជាពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ ,ក្រុងប៉ោយប៉ែត,ខេត្តសៀមរាប ,ក្រុងព្រះសីហនុ ,ក្រុងសិរីសោភ័ណ ,ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក បានចូលរួមសាមគ្គីគ្នាចូលសទ្ធាជ្រះថ្លា ក្នុងបំណងប្រគេនជាអគារអោយព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិត ឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាងសំណង់អគារធំៗ ក្នុងវត្តនេះ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។
លោក លី សុវណ្ណារិទ្ធ បានបន្ត:ថា : សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ។
ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន ខាងសម្ភារនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌និងគុណធម៌។
ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់ ព្រះតេជគុណ អស់លោកលោកស្រីនិងប្រគល់ប័ណ្ណសរសើរ, ប័ណ្ណថ្លែងអំណរគុណនិងចែកជូនសម្ភារដល់សិស្សានុសិស្សនិងផ្តល់ដល់ប្រជាពលរដ្ឋចូលរួមនូវសារុងក្នុងម្នាក់ៗ ។រដ្ឋបាលខេត្តក៏បានប្រគេនថវិកាក្នុងកម្មវិធីចំនួន ២លានរៀលផងដែរ ៕