សន្ដិសុខសង្គម

ចាប់ក្មេងទំនើង៧នាក់ករណីគប់កញ្ចក់រថយន្តនិងគប់អ្នកដំណើរតាមផ្លូវជាតិពេលយប់នៅស្រុកមង្គលបូរី

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ ក្មេងទំនើង៧នាក់ដែលបែកគំនិតបែបភ្លីភ្លើនិងប្រព្រឹត្តល្មើសនាំគ្នាអង្គុយ ឈរនៅតាមផ្លូវជាតិ ហើយចាំយកដុំថ្មគប់កញ្ចក់រថយន្តរបស់អ្នកដំណើរតាមផ្លូវជាតិនិងគប់ប្រជាពលរដ្ឋធ្វើដំណើរតាមមធ្យោបាយផ្សេងទៀតពេលយប់ ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបូរីកំណត់មុខសញ្ញានិងស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១១ដល់ថ្ងៃ១៣ខែកក្កដា ។

ការឃាត់ខ្លួនជនពាលទាំង៧នាក់ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះអ្នកធ្វើដំណើរតាមផ្លូវជាតិនិងប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា : អនុវត្តតាមបទបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងឲ្យចុះចាប់ខ្លួនក្មេងទំនើងដែលប៉ុនប៉ងនិងបានយកថ្មគប់លើរថយន្តអ្នកធ្វើដំណើរនិងប្រជាជាពលរដ្ឋបន្ទាប់ពីពួកគេប្រព្រឹត្តនៅលើដងផ្លូវខេត្ត១៥៩សេ ចន្លោះឃុំសឿនិងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៤កន្លងមក ។

កម្លាំងនគរបាលស្រុក១ក្រុម សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ បានចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានក្មេងទំនើងបាន៧នាក់យកមកអធិការស្រុកមង្គលបុរីដើម្បីធ្វើការសាកសួរ។

លោកបានបន្តថា: ក្មេងទំនើងទាំង៧នាក់ ភេទប្រុស រួមមាន : ១-ឈ្មោះ ឈាក ច័ន្ទរត្ថា អាយុ ២០ឆ្នាំ ។ ២-ឈ្មោះ ហូរ គឹមណាក់ អាយុ ១៦ឆ្នាំ ៣- ឈ្មោះ ឆាត សៀវទិញ អាយុ ១៧ឆ្នាំ ៤-ឈ្មោះ ឈាក ច័ន្ទរត្ថា អាយុ២០ឆ្នាំ ៥-ឈ្មោះ ពិសិទ្ធ ខាន់ឈីត អាយុ ១៥ឆ្នាំ ៦-ឈ្មោះ វ៉ាន់ រ៉ាឌី អាយុ ១៧ឆ្នាំនិង ៧.ឈ្មោះ ហឿង ហួយ  អាយុ ១៧ឆ្នាំ ។ទាំង៧នាក់រស់នៅភូមិ ឃុំក្បែរគ្នានាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឌី ទាវ បានឲ្យដឹងបន្តទៀតថា : មុខសញ្ញាក្រុមក្មេងទំនើងទាំងនេះកន្លងមកតែងតែធ្វើសកម្មភាព:១-ប្រមូលផ្តុំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវបែបអនាធិបតេយ្យ ស្រែកហ៊ោកញ្ជ្រៀវនិង ២-បានយកដុំថ្មចាំគប់កញ្ចក់រថយន្តអ្នកដំណើរ, ៣-គប់អ្នកដំណើរផ្សេងទៀតនាពេលយប់នៅលើដងផ្លូវ ចន្លោះឃុំសឿ ទៅឃុំរហាត់ទឹក ហើយមហាជនបានតវ៉ានិងសំណូមពរមកសមត្ថកិច្ចអោយអន្តរាគមន៍បង្ក្រាបដែលទើបពេលនេះកំណត់មុខសញ្ញាបាន ហើយបង្ក្រាបបានផងដែរ ។

នៅមុខសមត្ថកិច្ច ក្មេងទំនើងទាំងនេះបានឆ្លើយសារភាពទទួលខុសត្រូវនូវសកម្មភាពខាងលើ ហើយថាដើម្បីបំបាត់ភាពអផ្សុកនិងធ្វើតាមចិត្តចង់នៃយុវវ័យប៉ុណ្ណោះ ។

នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយបន្ទាយមានជ័យបានទទួលសួរនាំនិងកសាងសំណុំរឿងនេះ រួចទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ ៕