ដោយ : បន្ទាយ
ភ្នំពេញ-ពោធិ៍សាត់៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅរសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៤ បានឲ្យដឹងថា : នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់និងខេត្តកោះកុង ។
ក្រសួងការពារជាតិបានបន្តថា: ឧបទ្ទវហេតុនេះ បណ្តាលមកពីដោយសារអាកាសធាតុមិនអំណោយផល ។
មកទល់ពេលនេះ បណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។
ចំពោះលទ្ធផលគឺមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ នឹងបន្តរុករកយ៉ាងយកចិត្តទុកដាក់។
មុននេះក្រសួការពារជាតិបានប្រកាសថា នៅថ្ងៃទី១៣ខែកក្កដា លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានគណ:កម្មការជួយសង្គ្រោះមហន្តរាយ ក្រសួងការពារជាតិនៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ខែកក្កដា បានចុះត្រួតពិនិត្យនិងចាត់បញ្ជូនកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩និងកងពលតូចលេខ៧០ ដើម្បីចេញទៅរុករកឧទ្ធម្ភាគចក្រ១គ្រឿងដែលបានបាត់កាលពីថ្ងៃទី១២ខែកក្កដា នៅក្នុងភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិ៍សាត់ ។
ចំណែកលិខិតមួយស្តីពីផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជាលេខ៤១៧/២៤ ចុះថ្ងៃទី១៣ខែកក្កដា បានអោយដឹងថា: ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9 លេខMH912 ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ ។ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទីថ្ងៃដដែល ។
លើឧទ្ធម្ភាគចក្រ មានលោកស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក …៕