សន្ដិសុខសង្គម

កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តរុករកឧទ្ធម្ភាគចក្រដែលសង្ស័យធ្លាក់នៅភ្នំខ្មោចខេត្តពោធិ៍សាត់

ដោយ : បន្ទាយ
ពោធិ៍សាត់ ៖ កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តបេសកកម្មរុករកឧទ្ធម្ភាគចក្រដែលសង្ស័យធ្លាក់ឬបាត់នៅចំណុចភ្នំខ្មោច ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៤ថា: «អាកាសធាតុពិតជាមិនអំណោយផលដល់បេសកកម្មជួយសង្រ្គោះមួយនេះទេ តែពួកគេទាំងអស់គ្នាប្តេជ្ញាចិត្តរួមគ្នាធ្វើឲ្យបាន ។សង្ឃឹមថាអ្នកដែលរងគ្រោះទាំងអស់នឹងមានសំណាងល្អ»។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានបង្ហាញរូបភាពនៃមន្ត្រីអាជ្ញាធរ កងកម្លាំង សមត្ថកិច្ច អ្នកពាក់ព័ន្ធក្នុងដំណើរបេសកកម្មរុករកកន្ទុំរុយ(ឧទ្ធម្ភាគចក្រ)ដែលធ្លាក់នោះ និងចំណុចគោលដៅនិយាមការលើផែនទី ដែលជាទីតាំងសង្ស័យធ្លាក់យន្តហោះនៅចន្លោះPlacemark និងលោកយាយម៉ៅ វាលវែងនិងផ្សារប្រម៉ោយ វាលវែង ។

ចំណែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ បានឲ្យដឹងនាថ្ងៃទី១៣ខែកក្កដាថា ពេលនេះយើងកំពុងបន្តរុករក ។

ចំណែកក្រសួងការពារជាតិ នៅថ្ងៃទី១៣ខែកក្កដាបានឲ្យដឹងថា :លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានគណ:កម្មការជួយសង្គ្រោះមហន្តរាយ ក្រសួងការពារជាតិនៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ខែកក្កដា បានចុះត្រួតពិនិត្យនិងចាត់ចែងបញ្ជូនកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩និងកងពលតូចលេខ៧០ ដើម្បីចេញទៅរុករកឧទ្ធម្ភាគចក្រ១គ្រឿងដែលបានបាត់កាលពីថ្ងៃទី១២ខែកក្កដា នៅក្នុងភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិ៍សាត់ ។

ប្រភពផ្សេងទៀតឲ្យដឹងថា: កម្លាំងបេសកកម្មមានចេញពីចំណុចខ្នងព្រះ នៃភ្នំ១៥០០ទៅភ្នំខ្មោចជាដើម ។ ឯមនុស្សនៅលើឧទ្ធម្ភាគចក្រនោះមានពី៦ទៅ៧នាក់ ក្នុងនោះមានគ្រូបង្វឹកនៃសកម្មភាពហ្វឺកហ្វឺនប្រតិបត្តិហោះហើរនោះផង៕