សន្ដិសុខសង្គម

សង្ស័យឃា.តកដែលស.ម្លា,ប់ស្ត្រីម្នាក់ក្នុងស្រុកបាណន់បង្ហាញខ្លួននៅ២គោលដៅ សមត្ថកិច្ចកំពុងរឹតបន្តឹងការឡោមព័ទ្ធ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ សង្ស័យឃា.តកបែកថ្នាំដែលស.ម្លាប់ស្ត្រីចំណាស់ម្នាក់ក្នុងស្រុកបាណន់បង្ហាញខ្លួននៅ២គោលដៅ សមត្ថកិច្ចដែលមិនបោះបង់ការរុករកជិតមួយសប្តាហ៍កំពុងរឹតបន្តឹងការឡោមព័ទ្ធ។

នគរបាលការិយាល័យប្រតិកម្មរហ័សនៃស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឲ្យ Cambodia Flash New (CFN)  ដឹងថា៖ គិតមកត្រឹមថ្ងៃ ១២ខែកក្កដា ឆ្នាំ ២០២៤នេះជិតមួយសប្តាហ៍ហើយដែលកម្លាំងជំនាញជាច្រើននាក់ ពិសេសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះដឹកនាំផ្ទាល់ក្នុងការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតកមកផ្តន្ទាទោស ក្រោយជនសង្ស័យបានធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់ដាច់ក ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង រួចរត់គេចខ្លួនចូលក្នុងតំបន់ព្រៃ និងភូមិសាស្ត្រជួរភ្នំ ក៏ដូចជាចម្ការដំណាំរបស់ប្រជាពលរដ្ឋ។

ជនសង្ស័យមានឈ្មោះសឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជនមានចរិតកោងកាច ប្រើប្រាស់គ្រឿងញៀន និងធ្លាប់នាំខ្លួនទៅអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលកែប្រែម្តងរួចមកហើយកាលពីកន្លងមក។ ឃាតកខាងលើក្រោយបានកាប់សម្លាប់ស្ត្រីជនរងគ្រោះកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ទាំងមិនមានហេតុផលនៅតាមដងផ្លូវ រួចបានរត់ចូលទៅក្នុងព្រៃភ្នំ ចំណុចឃុំតាគ្រាម ស្រុកបាណន់ ក្រោយមកពលរដ្ឋប្រទះឃើញបន្តគេចខ្លួនដោយថ្មើរជើងរហូតដល់ចំណុចភ្នំទទឹង ក្នុងស្រុកបាណន់ដដែល ប៉ុន្តែខាងសមត្ថកិច្ចបានត្រឹមស្រាវជ្រាវសាកសួរអ្នកស្រុក ដានត្រឹមប្រកៀកប្រកិតប៉ុណ្ណោះ។

ប្រភពសមត្ថកិច្ចតាមរុករកបានបង្ហើបឲ្យដឹងថា÷ ក្រោមកិច្ចសហការរវាងកម្លាំងមូលដ្ឋានក្នុងតំបន់ពាក់ព័ន្ធនីមួយៗ ជាមួយការស្រាវជ្រាវរហូតដល់ថ្ងៃទី ១២ ខែកក្កដា នេះជនដៃដល់បានគេចខ្លួនទៅដល់ព្រំប្រទល់ភូមិសាស្ត្រខេត្តប៉ៃលិនហើយ ហើយក៏បាត់ដាននៅក្នុងតំបន់ភ្នំស្រង់តែម្តង។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា÷ តាមការស្រាវជ្រាវពីប្រជាពលរដ្ឋ ពេលនេះកម្លាំងជំនាញបានបានកំណត់ច្បាមគោលដៅសង្ស័យចំនួន ២ ដោយមួយកន្លែងឋិតត្រង់ចំណុចភ្នំគល់ ខេត្តបាត់ដំបង និងមួយកន្លែងទៀតឋិតនៅតំបន់ភ្នំស្រង់ ខេត្តប៉ៃលិន។ ទោះជាយ៉ាងណាតំបន់ដែលឡោមព័ទ្ធទាំងនេះជាភូមិសាស្ត្រតំបន់ព្រៃភ្នំខ្ពស់ និងសង្ស័យនៅមានគ្រាប់មីននៅឡើយ ដូច្នេះកម្លាំងរុករកនៅមិនទាន់រានលម្អិតភូមិសាស្ត្រនៅឡើយទេ។

ចំពោះមុខនេះលោកបានបន្តចាត់កម្លាំងបន្ថែមទៀតហើយ ជាមួយកម្លាំងសហការរបស់ខេត្តប៉ៃលិនផងដែរ ហើយនៅមានកម្លាំងសម្ងាត់មួយចំនួនទៀតបង្កប់នៅក្នុងមូលដ្ឋានជាមួយប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់។ ដោយសារប្រភពរាយការណ៍ពីពលរដ្ឋនៅក្នុងគោលដៅខេត្តប៉ៃលិន បានប្រទះឃើញជនចម្លែកមានភិនភាគដូចជនសង្ស័យភាគច្រើន ប្រដាប់ដោយដាវជាប់នឹងដៃផងនោះ លោកស្នងការ ទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់សង្ស័យ មានការប្រុងប្រយ័ត្នពីសុវត្ថិភាព និងបន្តជួយសហការជាមួយសមត្ថកិច្ចបន្តទៀតដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យអនុវត្តនីតិវិធី៕