សន្ដិសុខសង្គម

ប្រើឧបករណ៍ឆក់មូសអគ្គិសនីពេលបូមសាំងលក់ បង្កជាអគ្គិភ័យឆេះផ្ទះ១ខ្នង និងរថយន្តតូច៣គ្រឿង ម៉ូតូ៣គ្រឿង

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ស្ដ្រីម្នាក់ខណៈប្រើឧបករណ៍ឆក់មូសអគ្គិសនីពេលបូមសាំងលក់ បានបង្កជាអគ្គិភ័យឆេះបំផ្លាញផ្ទះ១ខ្នង និងរថយន្តតូច៣គ្រឿង ម៉ូតូ៣គ្រឿង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងពេលសង្គ្រោះនិងពន្លត់គ្រោះអគ្គិភ័យនេះ គេឃើញមានលោកឃូ ពៅ អភិបាលស្រុក លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង និងកម្លាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចុះជួយអន្តរាគមន៍ពន្លត់ផងដែរ ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បានឲ្យដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះគឺលោកយាយ ប៊ុន អូន ភេទ ស្រី អាយុ ៦៣ ឆ្នាំនៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

យោងប្រភពមុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន បានយកឧបករណ៍ឆក់មូសអគ្គិសនីវាយឆក់មូស ខណ:ពេលកំពុងបូមសាំងដាក់ក្នុងដបដើម្បីលក់ ហើយចៃដន្យវាបង្កឲ្យមានផ្កាភ្លើងឆាបឆេះសាំងកំពុងបូមដាក់ដបនិងប៊ីដុងសាំងក្បែរនោះសន្ធោសន្ធៅឡើង ។

ហេតុការណ៍នេះគេបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន៣រថយន្ត ទើបរលត់ទាំងស្រុង ហើយមិនបង្កឲ្យឆាបឆេះផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់ដល់មនុស្សទេ។

ការរាលឆេះដ៏រហ័សនោះបង្កខូចខាតទ្រព្យសម្បរបស់ម្ចាស់រួមមាន៖ ឆេះផ្ទៈ១ខ្នងទំហំ១២ម៉ែត្រ×៩ម៉ែត្រ, ខូចខាតរថយន្តតូចចំនួន៣គ្រឿង (កាមរីឆ្នាំ៩៥ ចំនួន១គ្រឿងនិងកាមរីឆ្នាំ៩៣ចំនួន០២គ្រឿង,ម៉ូតូ ០៣គ្រឿង ,សាំងនិងម៉ាស៊ូត ២០ប៊ីដុង ព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ ៕