អន្តរជាតិ

ក្មេងស្រីអាយុមួយឆ្នាំបានស្លា,ប់ដោយគ្រូពេទ្យបានរកឃើញសាច់ដុះដ៏ចម្លែកបំផុតនៅក្នុងលលាដ៍ក្បាល

ប្រែសម្រួល៖រតនា
ក្មេងស្រីអាយុ១ឆ្នាំម្នាក់នៅប្រទេសចិនដែលមានក្បាលហើមយ៉ាងឆាប់រហ័ស បានស្លាប់នៅក្នុងរយ:ពេលត្រឹមតែ១២ថ្ងៃបន្ទាប់ពីការវះកាត់ក្នុងខណ:ពេលដែលក្រុមគ្រូពេទ្យបានរកឃើញថានាងមានដុះជាលិកាសរីរាង្គកំពុងលូតលាស់មិនគ្រប់លក្ខណៈដ៏ចម្លែកនៅក្នុងលលាដ៍ក្បាល។

ក្មេងទើបតែចេះដើរតេះតះម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារតែលលាដ៍ក្បាលរបស់នាងហើមខ្លាំងធ្វើឲ្យមិនអាចអង្គុយ ឬឈរបានទេ។រាងកាយរបស់នាងមានចលនាយឺតការនិយាយស្តីអាចនិយាយបានតែពាក្យថា “ម៉ាក់” តែមួយឃ្លាប៉ុណ្ណោះ។

បន្ទាប់ពីស្គេនរួចរាល់គេបានរកឃើញថា រោគសញ្ញារបស់ទារកគឺមានជាលិកាទន់ដុះក្នុងទម្រង់ដូចជាម្រាមដៃនិងឆ្អឹងខ្នងនៅក្នុងខួរក្បាលរបស់នាង គ្រូពេទ្យសរសៃប្រសាទបានវះកាត់យកអំប្រ៊ីយ៉ុងនេះចេញពីលលាដ៍ក្បាលរបស់នាង។

ជាអកុសលក្មេងអាយុ១ឆ្នាំរូបនេះបានស្លាប់ក្នុងរយ:ពេលត្រឹមតែ១២ថ្ងៃក្រោយការវះកាត់ ដោយសារតែខួរក្បាលរបស់នាងខូចខាតធ្ងន់ធ្ងរខ្លាំងពេក។

ស្ថានភាពដ៏កម្ររបស់នាងត្រូវបានគេស្គាល់ថាជាប៉ារ៉ាស៊ីតដែលតែងកើតឡើងចំពោះទារកម្នាក់ក្នុងចំណោមទារក ៥០០,០០០នាក់។

វាជាភាពមិនប្រក្រតីនៃការវិវត្តរាងកាយដ៏កម្រមួយ ដែលធ្វើឲ្យទារកខូចទ្រង់ទ្រាយនៅក្នុងខ្លួនរបស់ទារកដូចជាធ្វើឲ្យមានគភ៌នៅក្នុងរាងកាយទារកនោះដែលជាធម្មតាគឺវាមានតែនៅក្នុងពោះតែប៉ុណ្ណោះ។
ប៉ុន្តែគភ៌ប្រភេទនេះត្រូវបានគេរកឃើញផងដែរនៅក្នុងរាងកាយមិនធម្មតាផ្សេងទៀតដូចជាលលាដ៍ក្បាល ឆ្អឹងអាងត្រគាក និងមាត់ជាដើម។

គភ៌ប្រភេទនេះត្រូវបានគេរកឃើញមិនតិចជាង ២០០ ករណីដែលត្រូវបានរាយការណ៍នៅក្នុងអក្សរសិល្ប៍វេជ្ជសាស្ត្រ។ស្ថានភាពនេះគឺស្ទើរតែ មួយរយភាគរយបង្កឲ្យបាត់បង់ជីវិតនៅពេលដែលវាមានជាលិកាទន់លូតលាស់នៅក្នុងលលាដ៍ក្បាល។

Xuewei Qin និង Xuanling Chen ដែលជាអ្នកនិពន្ធការសិក្សានិងគ្រូពេទ្យឯកទេសខាងថ្នាំស្ពឹកមកពីសាកលវិទ្យាល័យ Peking University International Hospital ក្នុងទីក្រុងប៉េកាំងប្រទេសចិនបានធ្វើកំណត់ត្រានៅក្នុងរបាយការណ៏ American Journal of Case Reports ។

នៅក្នុងរបាយការណ៍នោះគឺបានលើកឡើងអំពីករណីរបស់ក្មេងស្រីនេះថាការលូតលាស់ជាលិកាទន់ “FIFs នៅតែជាអាថ៌កំបាំងវេជ្ជសាស្ត្រ មូលហេតុដែលបង្កឲ្យមានរោគសញ្ញានេះទំនងជាមានការទាក់ទងនឹងការបំពុលបរិស្ថាន ហ្សែន សីតុណ្ហភាពទាប និងការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងអំឡុងពេលម្តាយមានផ្ទៃពោះដំបូង និងកត្តារួមផ្សំផ្សេងៗទៀតផងដែរ”។

ស្ថានភាពនេះត្រូវបានគេប្រទះឃើញតែក្នុងដំណាក់កាលក្រោយមានផ្ទៃពោះតែប៉ុណ្ណោះ ដែលធ្វើឲ្យការធ្វើរោគវិនិច្ឆ័យដំបូងមានការលំបាក។

ក្នុងករណីក្មេងអាយុមួយឆ្នាំម្នាក់នេះ គ្រូពេទ្យបានរកឃើញភាពខុសប្រក្រតីនៅក្នុងលលាដ៍ក្បាលរបស់នាង នៅពេលម្តាយនាងមានគភ៌ ៣៣ សប្តាហ៍ នៅក្នុងអំឡុងពេលពិនិត្យមុនសម្រាលកូន។
ប៉ុន្តែ MRI មិនអាចផ្តល់ព័ត៌មានបន្ថែមឲ្យបានច្បាស់លាស់នោះទេ។

ក្មេងស្រីតូចនេះត្រូវបានសម្រាលតាមរយៈការវះកាត់ក្នុងរយៈពេល ៣៧ សប្តាហ៍ មានន័យថាទីតាំងដែលនាងដេកនៅក្នុងផ្ទៃពោះគឺបញ្ជ្រាសជើងនៅក្នុងស្បូនគឺខុសពីទីតាំងធម្មតាដែលមានក្បាលនៅបណ្តោយស្បូន។
គ្រូពេទ្យបានកត់សម្គាល់ឃើញថា ក្បាលរបស់នាងមានទំហំធំខុសពីធម្មតា។

កំណត់ត្រាលើករណីនេះបានឲ្យដឹងថា “នៅពេលនាងកើតមក រង្វង់ក្បាលរបស់ទារកមានទំហំធំជាងកុមារដែលមានអាយុដូចគ្នា” ហើយដៃជើងមិនមានចលនានោះទេ។

ប្រវែងដងខ្លួនត្រឹមតែ ៧០ សង់ទីម៉ែត្រតែរង្វង់ក្បាលរបស់នាងគឺធំហួសដល់ទៅ ៥៦.៦ សង់ទីម៉ែត្រ។
វេជ្ជបណ្ឌិតបានធ្វើការស្កេន CT លើលលាដ៍ក្បាលរបស់នាង ដែលបង្ហាញពី “ជាលិកាទន់មានលក្ខណ:ដូចឆ្អឹងអវយវៈ និងស្រមោលជាលិកាឆ្អឹងចម្រុះលក្ខណៈដូចម្រាមដៃនៅក្នុងតំបន់ intracranial” ។
វេជ្ជបណ្ឌិតបានសម្រេចចិត្តធ្វើការវះកាត់ខួរក្បាលរបស់នាង។

ជាលិកាទន់ហៅថាSurgoens ត្រូវបានរកឃើញក្នុងទម្រង់ជា “កន្សោមពណ៌ស” នៅក្នុងជាលិកាខួរក្បាលរបស់នាង នៅពេលដែលគេបើកលលាដ៍ក្បាលរបស់នាងគេបានរកឃើញ “ជាលិកាដុះក្នុងទម្រង់ដូចជាឆ្អឹងខ្នងនិងម្រាមដៃលេចចេញមក” ។

អ្នកធ្វើរបាយការណ៍លើករណីនេះបានបង្ហាញថា៖ “វេជ្ជបណ្ឌិតបានវះយកអំប្រ៊ីយ៉ុងដែលជាជាលិកាសរីរាង្គកំពុងលូតលាស់មិនគ្រប់លក្ខណ:មានទម្រង់ដូចជា ឆ្អឹងខ្នងនិងម្រាមដៃ”។
អំប្រ៊ីយ៉ុងនេះមានប្រវែង ១៨ សង់ទីម៉ែត្រ មានលក្ខណៈស្រដៀងនឹងអវយវៈមិនប្រក្រតីដូចជាទ្រង់ទ្រាយឆ្អឹងខ្នងនិងម្រាមដៃផងដែរ។

បន្ទាប់ពីការវះកាត់ក្មេងស្រីតូចម្នាក់នេះ នៅតែសន្លប់និងប្រកាច់នាងបានស្លាប់ក្នុងរយ:ពេល ១២ ថ្ងៃបន្ទាប់ពីការវះកាត់រួចរាល់៕