សេដ្ឋកិច្ច

ការផ្តល់ពេលវេលាបន្ថែមក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ សម្រាប់សហគ្រាសនិងអង្គភាព មិនស្វែងរកប្រាក់ចំណេញដែលរងសវនកម្មឯករាជ្យ មកនិយ័តករគណនេយ្យនិងសវនកម្ម

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) សូមជម្រាបជូនម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គភាព) ឱ្យបានជា្របថា៖ សម្រាប់សហគ្រាស និងអង្គភាពរងសវនកម្មឯករាជ្យ កាលបរិច្ឆេទនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. នឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីសម្រួលដល់សហគ្រាស និងអង្គភាព ដែលរងសវនកម្មឯករាជ្យមួយចំនួន ដែលមិនទាន់បញ្ចប់នីតិវិធីជាស្ថាពរ ន.គ.ស. បានសម្រេចផ្តល់ពេលបន្ថែមចំនួន ៣០ (សាមសិប) ថ្ងៃ ក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing System) និងអនុញ្ញាតឱ្យដាក់លិខិតពន្យារពេលដូចខាងក្រោម៖

១. សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក គ.ន.ស. មិនឱ្យហួសថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ដែលបានអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. ហួសរយៈពេល ៧ខែ បូក ២០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។

២.សហគ្រាស និងអង្គភាព អាចដាក់លិខិតស្នើសុំពន្យារពេលការបញ្ចប់ការងារធ្វើសវនកម្មឯករាជ្យ មក ន.គ.ស. មិនឱ្យហួសថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយត្រូវបង់កម្រៃសេវាសាធារណៈស្របតាមប្រកាសលេខ ០០១ អ.ស.ហ. ប្រក. ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ស្តីពីសេវាសាធារណៈរបស់និយ័តករគណនេយ្យនិងសវនកម្ម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមន្រ្តី ន.គ.ស. តាមរយៈលេខទូរសព្ទ និងតេឡេក្រាមដូចខាងក្រោម៖

លោក ហាក់ សីហា  ០៩៦ ៩ ១៩៩ ៩៩៨    សម្រាប់សហគ្រាស

លោក យាន ផល្លា  ០៨១ ៦៤៤ ៦៦៣    សម្រាប់អង្គភាព

និយ័តករគណនេយ្យនិងសវនកម្ម សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ម្ចាស់សហគ្រាសនិងអង្គភាពរងសវនកម្មឯករាជ្យទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចគណនេយ្យនិងសវនកម្ម បានទាន់ពេលវេលា តាមកាលកំណត់ប្រកបដោយការទទួលខុសត្រូវខ្ពស់៕