ដោយ៖ គង់ហេង
កំពង់ចាម៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១១ កក្កដា បានចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ១៦ គ្រួសារ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម។
លោក ទួច ឆៃ នាយកប្រតិបត្តិ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ចាមបានឱ្យដឹងថា៖ ទាំង ១៦ គ្រួសារមានគ្រួសាររងគ្រោះកម្រិតធ្ងន់ចំនួន ៧គ្រួសារ។ ដោយមួយ គ្រួសារទទួលបានតង់ចំនួនពីរ និងថវិកាចំនួន ៤០ម៉ឺន រៀល និងចំនួន ៩ គ្រួសារដែលរងគ្រោះកម្រិតស្រាលមួយគ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺន រៀល។ ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សៀមឧបត្ថបន្ថែមទាំង ១៦គ្រួសារ ដោយមួយគ្រួសារទទួលបានទឹកប្រាក់ចំនួន ៤ម៉ឺន រៀលបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៩ កក្កដា កន្លងទៅនេះ ខ្យល់កន្រ្តាក់បានបក់បោកចំភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម បណ្តាលឱ្យផ្ទះផ្ទះប្រជាពលរដ្ឋមួយចំនួនរងគ្រោះបាក់សំយាប និងរបើកដំបូលក្បឿងទាំងធ្ងន់ និងស្រាលសរុបចំនួន ១៦ខ្នង។ប៉ុន្តែគ្រោះធម្ម ជាតិខាងលើមិនប៉ះដល់អាយុជីវិតមនុស្សទេ៕