ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ករណីក្រុមហ៊ុនលាយស៊ីម៉ងត៍,រថយន្តដឹកជញ្ជូនស៊ីម៉ងត៍និងគ្រឿងសំណង់ ,រថយន្តដឹកជញ្ជូនអ្នកដំណើរបានបំផ្លាញផ្លូវបេតុងចាស់មុនៗ , អ្នកស្ថាបនាថ្មីបានស្នើបិទផ្លូវនៅពេលខ្លួនស្ថាបនារួច ប៉ុន្តែមន្ត្រីអាជ្ញាធរថាទេ ។
លោកអ៊ឹង ឈី ម្ចាស់គម្រោងដីល្វែងនិងសំណង់មួយនៅប៉ោយប៉ែតប្រាប់តាមទូរសព្ទមកសារព័ត៌មាន Cambodia Flash News (CFN) នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៤ ថា: ពេលនេះខ្លួនបានសម្រេចនិងកំពុងស្ថាបនាឡើងវិញផ្លូវបេតុង១ខ្សែខ្លីប្រវែងជាង១០០ម៉ែត្រ កម្រាស់០,២ម៉ែត្រ ចំណុចជិតភ្លើងស្តុបផ្សារកណ្តាល នៅភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកបានបន្តថា : មុនស្ថាបនាឡើងវិញលើផ្លូវដែលរងការបំផ្លាញដោយរថយន្តដឹកជញ្ជូនធុនធ្ងន់ត្រង់នេះ លោកបានទៅទាក់ទងសុំកិច្ចសហការ និងអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ផ្សារកណ្តាលជាង១សប្តាហ៍មកហើយ ប៉ុន្តែ អាជ្ញាធរមិនមានការឆ្លើយតបមកកាន់ប្រជារាស្ត្រឡើយ។
លោកក៏បានទៅស្នើសុំឲ្យក្រុមហ៊ុនស៊ីម៉ងត៍លាយស្រេច ហុក វណ្ណ: ,ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ…មានទីតាំងនៅបណ្តោយផ្លូវនេះដើម្បីជួយថវិកាបដិភាគស្ថាបនា ប៉ុន្តែគេមិនចំណាយ ហើយក៏គ្មានចម្លើយតបដែរ។
លោកអ៊ឹង ឈី បានបន្តថា: ហេតុនេះ លោកស្នើសុំទៅអាជ្ញាធរនិងសមត្ថកិច្ចជួយអន្តរាគមន៍ថា ក្រោយស្ថាបនាផ្លូវបេតុងនេះរួចលោកស្នើបិទផ្លូវនេះមិនឲ្យរថយន្តធុនធ្ងន់របស់ក្រុមហ៊ុនខាងលើឬពីខាងក្រៅឆ្លងកាត់ឡើយ។
ករណីនេះ លោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតបានប្រាប់សារព័ត៌មានCambodia Flash News (CFN) តាមទូរសព្ទថ្ងៃទី១១ខែកក្កដាថា: ចំពោះការបិទឬបើកផ្លូវជាសិទ្ធិរបស់អ្នកចំណាយថវិកា សម្ភារ កម្លាំងពលកម្មនិងបច្ចេកទេសស្ថាបនាផ្លូវនេះ ។
ឯអាជ្ញាធរ មិនហ៊ានអនុញ្ញាតឬចូលរួមជាមួយដោយប្រើវិធានការរដ្ឋបាលទេ។
រីឯការចោទប្រកាន់ថា អាជ្ញាធរមិនផ្តល់កិច្ចសហការនិងឆ្លើយតបសំណូមពរឬសុខទុក្ខប្រជារាស្ត្រក្នុងមូលដ្ឋាន លោកស្រិល អិន បានបកស្រាយថា : លោកក៏ធ្លាប់បានជួបនិងដឹងពីសំណូមពររបស់លោកអ៊ឹង ឈីដែរ ។ ប៉ុន្តែកាលពីចុងខែមិថុនាដល់ថ្ងៃទី០២ខែកក្កដា លោកនិងមន្ត្រីអាជ្ញាធរសង្កាត់មានភារកិច្ចក្នុងវគ្គនយោបាយស្តីពីទិវាខួបអនុស្សាវរីយ៍ ។
តមកនៅថ្ងៃទី០៦ខែកក្កដា លោកបានចាត់តាំងលោកអ៊ុយ ច័ន្ទរឹទ្ធិ ចៅសង្កាត់រងទី១ អោយទទួលធ្វើការករណីនេះជាមួយអ្នកស្ថាបនាផ្លូវ ក៏ដូចជា ក្រុមហ៊ុនស៊ីម៉ងត៍លាយស្រេចហុក វណ្ណ: , ក្រុមហ៊ុនស៊ីម៉ងត៍លាយស្រេចមួយទៀតនៅម្តុំចម្ការល្មុត ,ក្រុមហ៊ុនរថយន្តដឹកស៊ីម៉ងត៍ហុយនិងគ្រឿងសំណង់,ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ…ដែលនៅទីតាំងនិងដឹកជញ្ជូនឆ្លងកាត់ផ្លូវនេះរាល់ថ្ងៃ ។
លោកចៅសង្កាត់បានបន្តថា : ប៉ុន្តែ អាជ្ញាធរថ្នាក់លោក ពិបាកធ្វើការណាស់ជាមួយក្រុមហ៊ុនអ្នកមានទាំងនោះ ។ គេមិនស្តាប់អាជ្ញាធរទេ ។
លោកបន្ថែមថា :កន្លងមក ផ្លូវនេះត្រូវអាជ្ញាធរក្រុង និងពលរដ្ឋបានស្ថាបនាជាបេតុងដែរ ប៉ុន្តែរថយន្តនៃម្ចាស់ដូចខាងលើបានបំផ្លាញផ្លូវខ្ទេច ហើយពុំបានស្ថាបនាសងវិញទេ។
លោកបានរំលឹកថា : ផ្លូវ១ខ្សែនេះ កន្លងមកលោកអ៊ឹង ឈីនិងក្រុមហ៊ុនលោកហុក វណ្ណ: បានព្រមព្រៀងគ្នាថា លោកអ៊ឹង ឈី ម្ចាស់អង្កន់ដីល្វែងនិងសំណង់ត្រូវដាក់លូ ឯលោកហុក វណ្ណ: ស៊ីម៉ងត៍លាយស្រេច ត្រូវស្ថាបនាផ្លូវ។ប៉ុន្តែ ភាគីមិនធ្វើតាមសន្យា ទើបខាងហុក វណ្ណ: និងអាជ្ញាធរ ព្រមទាំងពលរដ្ឋចូលលុយបានស្ថាបនាផ្លូវបេតុងតែម្ខាង។
ឯម្ខាងទៀតត្រង់ម្តុំមុខដីអង្កន់ល្វែងរបស់លោកអ៊ឹង ឈី ត្រូវទុកចោល។
ដល់ឥឡូវនេះ លោកអ៊ឺង ឈី បានស្ថាបនាផ្លូវបេតុងនៅមុខដីអង្កន់ល្វែងរបស់ខ្លួន ហើយស្នើសុំអាជ្ញាធរអោយជួយចាត់វិធានបិទផ្លូវ។ អាជ្ញាធរមិនអាចធ្វើបានទេ វាប៉ះពាល់ដល់មហាជនដែរ មិនមែនតែលើក្រុមហ៊ុនលាយបេតុង ក្រុមហ៊ុនដឹកជញ្ជូននោះទេ ៕