ព័ត៌មានជាតិ

មិនមានការតែងតាំងចៅអធិការវត្តទួលប្រាសាទនៅក្រុងប៉ោយប៉ែតដូចអតីតចៅអធិការដែលសឹកព្រោះបរាជិកបានបំផុសឲ្យប្រឆាំងនោះឡើយ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ទាំងមន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការនិងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈកម្មការបានអោយដឹងកាលពីថ្ងទី០៩-១០ខែកក្កដាឆ្នាំ២០២៤ ថា គណ:សង្ឃ ធម្មការ អាជ្ញាធរ អាចារ្យនិងពុទ្ធបរិស័ទមិនទាន់មានគម្រោងការណ៍តែងតាំងចៅអធិការវត្តសុធម្មារាម(ទួលប្រាសាទ)ភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅឡើយ ពោលគឺវាផ្ទុយស្រឡះពីអ្វីដែលឈ្មោះស៊ុ សុធី អតីតចៅអធិការដែលសឹកព្រោះបរាជិក បានបំផុសអោយមានចលនាប្រឆាំងនោះឡើយ ។

ប្រភពព័ត៌មានអោយដឹងកាលពីថ្ងៃទី០៩ខែកក្កដាថា: កាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤ មានកិច្ចប្រជុំមួយនៅវត្តឃោសត្ថារាម(ស្រះត្រាច)សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត លើរបៀបវារ: ដើម្បីពិភាក្សា ត្រួតពិនិត្យការនិងរៀបចំសមាសភាពគណ:គ្រប់គ្រង់វត្តសុធម្មារាម(ទួលប្រាសាទ) ក្រោមវត្តមានលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោកញឹម ភឿង អភិបាលរង-តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោក លន ចៅសង្កាត់ប៉ោយប៉ែត លោកប្រធានការិយាល័យធម្មការក្រុង ព្រះសមណាភិរ័តប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែតនិងមន្ត្រី អ្នកពាក់ព័ន្ធ ពោលគឺការៀបចំសមាសភាពគណ:គ្រប់គ្រង(គណ:កម្មការគ្រប់គ្រង)បណ្តោះអាសន្នក្នុងអន្តរកាលដែលវត្តនេះគ្មានគ្រូចៅអធិការវត្ត ហើយរចនាសម្ព័ន្ធចាស់កាលពីព្រះគ្រូស៊ុ សុធី ចៅអធិការ ក៏គ្មានគ្រូសូត្រស្តាំ និងគ្រុសូត្រឆ្វេងដែរ ។

សូមរំលឹកថា ព្រះគ្រូស៊ុ សុធី ចៅអធិការវត្តសុធម្មារាម(ទួលប្រាសាទ)បានលាចាកសិក្ខាបទ(សឹក)កាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ ។ ការសឹកនេះ កើតឡើងក្រោយបុគ្គលនេះ កាលនៅជាបព្វជិត បានមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយស្ត្រីម្នាក់(លក់ដូរក្នុងវត្ត) រហូតមានកូន២នាក់ ។

ដោយសារមានរឿងអាស្រូវផ្លូវភេទបែបនេះ មន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការនិងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទបានជួបប្រជុំនិងសម្របសម្រួលដោយសន្តិវិធីជាច្រើនលើកដើម្បីអោយព្រះគ្រូស៊ុ សុធី ចៅអធិការវត្តធ្វើការសម្រេចចិត្ត ព្រោះបើពុំដូច្នោះទេ វាបង្កអោយប៉ះពាល់និងបំផ្លាញដល់ព្រះសង្ឃ វត្តនិងពុទ្ធសាសនា ។

ទីបំផុតបុគ្គលចៅអធិការវត្តនោះ បានសឹកដូចវេលាខាងលើ ។ ប៉ុន្តែពីនោះមក ឈ្មោះស៊ុ សុធី អតីតចៅអធិការវត្តនិងស្ត្រីម្នាក់នោះ បានស្នាក់នៅនិងប្រកបរបរលក់ដូរនៅក្នុងវត្តដដែល ហើយបង្កបញ្ហាមួយចំនួនដូចជា មិនព្រមចាកចេញពីវត្ត ,នៅប្រើឥទ្ធិពលនិងជ្រៀតជ្រែកនិងគូសវាសអោយព្រះសង្ឃអង្គនេះ អង្គនោះដែលមានទំនាក់ទំនងជិតស្និទ្ធនឹងខ្លួនអោយធ្វើជាចៅអធិការវត្តបន្តវេន ។

ករណីនេះ អន្ទិត ស៊ុ សុធី អតីតចៅអធិការវត្តបានអោយដឹងថា : កាលខ្លួននៅជាព្រះគ្រូចៅអធិការវត្ត លោកបានចេញលិខិតផ្ទេរតួនាទីមួយចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ដោយសូមប្រគល់តួនាទីជាព្រះគ្រូចៅអធិការវត្តប្រគេនព្រះភិក្ខុរិទ្ធិញារណាសូត រឹត ដែលបួសបាន១២វស្សា ។

ប្រភពព័ត៌មានបន្ទាប់មក បុគ្គលអតីតចៅអធិការវត្តរូបនេះ ក៏បានកៀរគរចលនាប្រឆាំងនឹងអ្វីដែលខ្លួនគិតថា  មន្ត្រីសង្ឃ មន្ត្រីធម្មការនិងអាជ្ញាធរអាចនិមន្តគ្រូសូត្រស្តាំឬសូត្រឆ្វេងពីខាងក្រៅវត្មានវត្តថ្មី(វត្តផ្សេងនិងមិនមែនជាវត្តទួលប្រាសាទ)ទៅធ្វើជាចៅអធិការវត្ត ។

ចលនាប្រឆាំងនេះ ក៏លេចចេញជាសកម្មភាព រូបភាពបង្ហោះខ្លឹមសារតាមបណ្តាញសង្គមនិងសារព័ត៌មានខ្លះផងដែរ ។

ឆ្លើយតបករណីនេះ មន្ត្រីសង្ឃ មន្ត្រីសមត្ថកិច្ចធម្មការនិងសាសនា មន្ត្រីអាជ្ញាធរដែនដី ក៏ដូចអាចារ្យ គណៈកម្មការនិងពុទ្ធបរិស័ទបានអោយសារព័ត៌មានដឹងថា: កាលពីព្រះគ្រូស៊ុ សុធី នៅជាចៅអធិការ ព្រះអង្គពុំតែងតាំងឬរៀបចំរចនាសម្ព័ន្ធគ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង លេខាវត្តឡើយ  ពោលគឺសិទ្ធិ អំណាចអ្វីៗប្រមូលផ្តុំនៅលើចៅអធិការវត្តទាំងអស់ ។
គឺមានតែអាចារ្យ គណ:កម្មការដែលតែងតាំងដោយមន្ទីរធម្មការនិងសាសនាខេត្ត បានចេញសេចក្តីសម្រេចតែងតាំងក្នុងលិខិតលេខ៦២៤ មធសបជ ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០២១ កន្លងមក ។

ដោយសារចៅអធិការវត្តបានសឹក ទើបមន្ត្រីសង្ឃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅជួបប្រជុំនិងសម្របសម្រួលដោះស្រាយរៀបចំសមាសភាពគណ:គ្រប់គ្រង់វត្តក្នុងអន្តរកាលដើម្បីដឹកនាំ គ្រប់វត្ត ពិសេសគ៍ថែរក្សាជំនឿពីពុទ្ធបរិស័ទលើសាសនា ព្រះសង្ឃ កិត្តិនាមវត្ត ហើយអោយវត្តនៅតែដំណើរការជាធម្មតា គឺមិនមែនជាការជ្រើសរើសឬតែងតាំងព្រះគ្រូចៅអធិការថ្មីរបស់វត្តនាពេលនេះឬក្នុងពេលឆាប់ៗនោះទេ ហើយនិតិវិធីតែងតាំងក៏មិនមែនចៅអធិការវត្តដែលសឹកទៅ ចង់ផ្ទេរឬតែងតាំង ប្រគល់សិទ្ធិអោយព្រះសង្ឃអង្គនេះឬអង្គនោះ តាមចិត្តចង់របស់ខ្លួនដែរ ។

ទោះយ៉ាងណា​ វត្តត្រូវតែមានអ្នកទទួលខុសត្រូវនិងគ្រប់គ្រងបណ្តោះអាសន្ន ហើយនិតិវិធីរបស់គណ:សង្ឃ , ធម្មការនិងអាជ្ញាធរគឺមានចែង និងបានអនុវត្តរួចមកហើយ ក្នុងការចេញសេចក្តីសម្រេច តែងតែាំងឬផ្ទេរភារកិច្ច ៕