សន្ដិសុខសង្គម

នគរបាលបង្ក្រាបបានក្មេងទំនើង៣នាក់ដែលប្រើដុំថ្មគប់និងកាំបិតដេញកា.ប់ភ្ញៀវក្នុងហាងផឹកស៊ីមួយកន្លែង

ដោយ៖ បន្ទាយ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានឃាត់ខ្លួនក្មេងទំនើង៣នាក់ជាបន្តបន្ទាប់យកមកសួរនាំ កាលពីថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៨ ក្រោយពីមានប្រជាពលរដ្ឋប្តឹងថាក្មេងទំនើងទាំងនោះបាននាំគ្នាយកយកដុំថ្មគប់ និងយកកាំបិតដេញកាប់ភ្ញៀវដែលកំពុងពិសាអាហារក្នុងហាងមួយកន្លែងក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលប៉ុសិ៍្ដរដ្ឋបាលអូរជ្រៅ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់: ១-ឈ្មោះរើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះយស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ និង៣-ឈ្មោះអេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំ។

ជនសង្ស័យទាំង៣នាក់បានសារភាពនៅចំពោះមុខនគរបាលថាពិតជាបានដេញកាប់មនុស្សម្នាក្នុងហាងផឹកស៊ីមួយកន្លែងមែន។

ឯ មូលហេតុរឿងហិង្សា ដោយសារឈ្មោះ សៃ សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ជាបុគ្គលិកហាងខាងលើ មានជម្លោះពាក្យសម្តីបន្តិចបន្តួចជាមួយពួកខ្លួន។ហេតុនេះទើបពួកខ្លួនមករកកាប់បុគ្គលិករូបនោះជាការសងសឹកនិងព្រមាន។នេះសំណាងហើយដែលវារត់គេចចូលក្នុងបន្ទប់បាត់ អ៊ីចឹងហើយទើបពួកខ្លួកាប់ត្រូវរបួសភ្ញៀវទៅវិញ។

នគរបាលក្រុងបានបញ្ជូនជនសង្ស័យជាក្មេងទំនើងទៅការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាន ហើយការិយាល័យជំនាញនាថ្ងៃទី១០ខែកក្កដា បាននិងកំពុងបន្តសួរចម្លើយរបស់នគរបាលជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕