អន្តរជាតិ

រុស្សីវាយប្រហារដោយមីស៊ីលផ្លោងលើមន្ទីរពេទ្យកុមារក្នុងក្រុង Kyiv ធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសអ៊ុយក្រែនកើនឡើងដល់២៩នាក់

ដោយ៖ សហការី

ក្រុមមន្ត្រីយោធារបស់អ៊ុយក្រែនបានឲ្យដឹងថា មន្ទីរពេទ្យកុមារនៅក្នុងទីក្រុង Kyiv មួយត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសាការវាយប្រហារដោយកាំជ្រួចផ្លោងរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនបង្កឲ្យមានមនុស្សស្លាប់នៅទូទាំងប្រទេសដល់ទៅ ២៩ នាក់ ។

រូបភាពសោកនាដកម្មនៃគ្រោះមហន្តរាយដោយសារកាវាយប្រហាររបស់រុស្ស៊ីបានបង្ហាញឲ្យឃើញមនុស្សរាប់រយនាក់នាំគ្នារត់សំដៅទៅមន្ទីរពេទ្យកុមារ Okhmatdyt ដើម្បីជួយសង្គ្រោះអ្នករងគ្រោះដែលជាប់នៅខាងក្នុងមន្ទីរពេទ្យ។

ក្រុមមន្ត្រីយោធារបស់អ៊ុយក្រែនបាននិយាយថា មានជនរងគ្រោះចំនួន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលវាយប្រហាររបស់រុស្សីមកលើទីក្រុង Kyiv ដែលយ៉ាងហោចណាស់មានជនរងគ្រោះចំនួនពីរនាក់ត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យកុមារ និងប្រហែល ៣៥ នាក់ផ្សេងទៀតបានរងរបួស។

កុមាររងគ្រោះដែលជាអ្នកជំងឺកំពុងជាប់ព្យាបាលដោយការចាក់ IV ក៏ត្រូវបានគេជម្លៀសចេញពីអគារដែលរងនូវការវាយប្រហារដោយកាំជ្រួចផ្លោងរុស្សី។

រូបភាពបង្ហាញពីសកម្មភាពនៅពេលថ្ងៃដ៏កម្រមួយឲ្យឃើញយ៉ាងហោចណាស់ដំបូលមួយនៃមន្ទីរពេទ្យបានបាក់ស្រុត ខណៈដែលអ្នកឆ្លើយតបដំបូងព្យាយាមយកកម្ទេចកម្ទីវាចេញ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងថា ការវាយប្រហារនេះគឺជាការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវបំផុតដោយកងកម្លាំងរុស្ស៊ីនៅក្នុងរយៈពេលជាច្រើនខែ ដោយកាំជ្រួចផ្លោងជាង ៤០ គ្រាប់បានវាយប្រហារទីក្រុង Kyiv, Kryvyi Rih, Dnipro និងទីក្រុងចំនួនពីរផ្សេងទៀតនៅភាគខាងកើតប្រទេស។

ការវាយប្រហារនេះបានកើតឡើងនៅចំពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅដល់ទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Narendra Modi ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។

លោក Modi គ្រោងនឹងទទួលទានអាហារពេលល្ងាចជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីបន្តការចរចានៅវិមានក្រឹមឡាំងនៅថ្ងៃអង្គារ។

ប្រហែលពីរម៉ោងបន្ទាប់ពីការវាយប្រហារលើកដំបូង កាំជ្រួចរុស្ស៊ីមួយទៀតបានវាយប្រហារមន្ទីរពេទ្យផ្សេងក្នុងទីក្រុង Kyiv ដោយបានសម្លាប់មនុស្ស ៤ នាក់បន្ថែមទៀត និងបីនាក់ទៀតរងរបួស នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។

អភិបាលក្រុង Kyiv លោក Vitali Klitschko បានហៅការវាយប្រហារលើរដ្ឋធានីនេះថា ជាការវាយប្រ ហារដ៏ធំបំផុតមួយ។

មានជនរងគ្រោះចំនួន១១ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកទី ២នៅ Kryvyi Rih ដែលជាស្រុកកំណើតរបស់ Zelenskiy និងមានមនុស្សជាង ៤០ នាក់ផ្សេងទៀតបានរងរបួស។

អភិបាលតំបន់បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅកណ្តាលទីក្រុង Dnipro និងបីនាក់បានស្លាប់នៅទីក្រុង Pokrovsk ភាគខាងកើត បន្ទាប់ពីកាំជ្រួចរុស្សីបានវាយប្រហារលើរោងចក្រឧស្សាហកម្មមួយកន្លែង។

Zelenskiy បានថ្កោលទោសការវាយប្រហារដោយកាំជ្រួចផ្លោងរបស់រុស្ស៊ី ហើយបានអំពាវនាវដល់ពិភពលោកឲ្យជួយអ៊ុយក្រែននៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដ៏បង្ហូរឈាមរបស់រុស្សី។

“ពិភពលោកទាំងមូលត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ ឃាតកម្មនេះគឺជាអ្វីដែលពូទីនបានបង្កឡើង ហើយយើងត្រូវតែរួបរួមគ្នាដើម្បីសម្រេចឲ្យបាននូវសន្តិភាព និងសន្តិសុខដ៏ពិតប្រាកដមួយ” គាត់បានបង្ហោះសារនេះនៅលើ Telegram ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើមូលដ្ឋានអាកាសចរណ៍របស់អ៊ុយក្រែន និងគោលដៅឧស្សាហកម្មយោធា។

វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតថា ការវាយប្រហារតាមអាកាសរបស់ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បើទោះបីជាការវាយប្រហារបែបនេះបានសម្លាប់អ្នកមិនមែននៅលើសមរភូមិរាប់ពាន់នាក់រួចហើយក៏ដោយ នេះបើគិតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

លោក Bridget Brink ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Kyiv បានថ្លែងថា ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីនឹងធ្វើឲ្យមេដឹកនាំពិភពលោកសម្រេចផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែននៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូរយៈពេលបីថ្ងៃដែលលោក Zelenskiy ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងវេទិការដ៏សំខាន់នេះ៕