ព័ត៌មានជាតិ

ក្រុមបេះដូងតែមួយដឹកនាំដោយលោកឧត្តមសេនីយ៍ឈុន ម៉ៅ ផ្តល់អំណោយមនុស្សធម៌ប្រចាំឆ្នាំដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាននាំយកនូវអំណោយមនុស្សធម៌ប្រចាំឆ្នាំដែលទទួលពីសមាជិកនិងសប្បុរសជនទៅចែកជូនអ្នកជំងឺចំនួន៤៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ កាលពីល្ងាចថ្ងៃទី៧ខែកក្កដាឆ្នាំ២០២៤ ។

លោកវេជ្ជបណ្ឌិតអ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបានទទួលស្វាគមន៍និងថ្លែងអំណរគុណចំពោះទឹកចិត្តនិងកាយវិការមនុស្សធម៌សប្បុរសធម៌របស់ក្រុមបេះដូងតែមួយខេត្តបន្ទាយមានជ័យដែលមានលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ ជាប្រធាននិងមានសមាជិកជាច្រើនដែលតែងតែផ្តល់អំណោយជាម្ហូបអាហារនិងសម្ភារដល់អ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ ប្រធានក្រុមបេះដូងតែមួយមានប្រសាសន៍ថា: ដ្បិតតែក្រុមនេះទើបបង្កើតឡើងតែប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែសមាជិកក្រុមនិងសប្បុរសជនតែងតែចូលរួមនិងបរិច្ចាគនូវធនធាន សម្ភារ ថវិកាសម្រាប់យកមកទិញជាស្បៀងអាហារ ហើយនាំយកទៅផ្តល់ជូនផ្ទាល់ដៃដល់ពលរដ្ឋ កុមារដែលមានការលំបាកជីវភាព ក្រីក្រ ខ្វះទីពឹង អ្នកជំងឺ ជនពិការជាដើម ។

លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ បានបន្តថា: អំណោយប្រចាំឆ្នាំលើកនេះ ក្នុងនោះអ្នកជំងឺម្នាក់ៗទទួលអំណោយ ឃីត១ រួមមាន ៖ មី១កេស ត្រីខ១ដុំ ទឹកដោះគោឆៅ១ដុំ  ទឹកក្រូច១យួរ ទឹកសុទ្ធ១យួរ ក្រមា១ សារុង១ និងអង្ករ១០គីឡូក្រាម ថវិកា២០.០០០រៀល ៕