ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដើម្បីដោះស្រាយឱ្យបានជាអតិបរិមា នៃវិបត្តិធម្មជាតិដែលមួយផ្នែកធំបណ្តាលមកពីការបាត់បង់ និងភាពរេចរឹល នៃព្រៃឈើ គឺទាំងអស់គ្នាត្រូវចូលរួម ថែរក្សា,ការពារ និងដាំដើមឈើឡើងវិញ។
ឯកឧត្តមអភិបាលកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ យើងទទួលស្គាល់ថាព្រៃឈើមានទំនាក់ទំនងជាសារវ័ន្តជាមួយជីវិតលើ ភពផែនដីនេះ មូលហេតុចម្បងដែលនាំឱ្យជួបវិបត្តិធម្មជាតិទាំងអស់នេះ គឺមួយផ្នែកធំបណ្តាលមកពីការបាត់បង់និងរេចរឹលព្រៃឈើនេះឯង។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយឱ្យបាន ដើម្បីការពារធម្មជាតិដ៏មានតម្លៃនៅកម្ពុជា ។
ឯកឧត្តមបានបន្ថែមថា៖ ម្យ៉ាងទៀតព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ក្នុងការរក្សា នូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើសម្រាប់ប្រើប្រាស់ រក្សា ជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទី ជម្រកដ៏សុខសាន្តសម្រាប់សត្វគ្រប់ប្រភេទ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។
ឯកឧត្តមបានបន្តថា៖យ៉ាងណាមិញ ការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីវជាតិ និងងាយកើតមានឡើងនូវ គ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ។ សកម្មភាពនៃការ កាប់ឆ្ការ រានទន្ទ្រានយកដីព្រៃឈើ ព្រៃលិចទឹកដែលជាជម្រកមច្ឆជាតិ ដើម្បីដាំដំណាំកសិកម្ម ឬក្នុង គោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអនុវត្តទៅតាមក្បួនខ្នាត បច្ចេកទេស ជាហេតុចម្បងនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ បាត់បង់មុខងារព្រៃឈើ ដែលមានប្រយោជន៍ មួយចំនួនដូចបានរៀបរាប់ខាងលើ ។
ការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ខាងលើនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា នៅសាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ព ស្ថិតក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ នៅថ្ងៃទី ៦ កក្កដា កន្លងទៅនេះ៕