អន្តរជាតិ

ហូឡង់សន្យាថានឹងបញ្ជូនយន្តហោះចម្បាំង F16 ចំនួន ២៤ គ្រឿងទៅឲ្យអ៊ុយក្រែននៅក្នុងពេលឆាប់ៗ

ដោយ៖រតនា

KYIV: រដ្ឋមន្ត្រីការបរទេស Caspar Veldkamp បាននិយាយនៅក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv នៅចុងសប្តាហ៍នេះថា “ហូឡង់នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនដោយគ្មានការពន្យារពេល” ។

អ៊ុយក្រែនសង្ឃឹមថា យន្តហោះចម្បាំងដ៏ទំនើបដែលផលិតដោយសហរដ្ឋអាមេរិក នឹងជួយឲ្យខ្លួនទទួលបានឧត្តមភាពលើអាកាសលើសរុស្ស៊ី និងអាចការពារកងទ័ពរបស់ខ្លួន និងទីក្រុងនានាឲ្យកាន់តែប្រសើរឡើងដើម្បីការពារនិងប្រឆាំងដល់ការទម្លាក់គ្រាប់បែកជាប្រចាំថ្ងៃរបស់កងទ័ពរុស្ស៊ី។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោករដ្ឋមន្ត្រីការបរទេស Caspar Veldkamp ចាប់តាំងពីលោកបានក្លាយជារដ្ឋមន្ត្រីការបរទេសកាលពីសប្តាហ៍មុននោះ លោក Veldkamp បានប្តេជ្ញាថាប្រទេសហូឡង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនយន្តហោះទាំងនោះ បន្ទាប់ពីសភាបានផ្តល់សច្ចាប័នកាលពីសប្តាហ៍មុន។

លោក Veldkamp បាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីអ៊ុយក្រែនថា “ឥឡូវនេះយើងបានទទួលបានសេចក្តីសម្រេចក្នុងការបញ្ជូនយន្តហោះ F-16។ ហូឡង់នឹងបញ្ជូនដោយមិនបង្អង់យូរ” ។

ព័ត៌មានលម្អិតស្តីពីដំណើរទស្សនកិច្ចត្រូវបានរក្សាទុកជាសម្ងាត់រហូតដល់ថ្ងៃអាទិត្យសម្រាប់ហេតុផលសុវត្ថិភាព។

លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ឬបញ្ជាក់ពីកាលបរិច្ឆេទដ៏ជាក់លាក់ណាមួយនៅឡើយទេអំពីពេលវេលាដ៏ជាក់លាក់សម្រាប់ការបញ្ជូនយន្តហោះ F-16 ដំបូងគេនៅក្នុងចំនួន ២៤ គ្រឿងដែលបានសន្យាថានឹងមកដល់អ៊ុយក្រែននៅក្នុងពេលឆាប់ៗនេះ។

ក្រុងកៀវបានអំពាវនាវសុំយន្តហោះ F-16 បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

អ្នកបើកយន្តហោះ និងនាវិកអ៊ុយក្រែន បាននិងកំពុងធ្វើការហ្វឹកហាត់ជាច្រើនខែនៅលើយន្តហោះដ៏ទំនើបៗក្នុងប្រទេសសមាជិកណាតូ ដើម្បីត្រៀមខ្លួនសម្រាប់ការមកដល់របស់ពួកគេ។

ប្រទេសជាច្រើនរបស់អង្គការណាតូបានសន្យាថានឹងបញ្ជូនយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកឲ្យទៅអ៊ុយក្រែន។

ប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសជាមួយ AFP កាលពីខែឧសភាថា Kyiv ត្រូវការប្រហែល ១៣០គ្រឿង ដើម្បីធានាឲ្យមានឧត្តមភាពស្មើគ្នានៅលើអាកាសជាមួយនឹងរុស្ស៊ី។

ប៉ុន្តែប្រទេសលោកខាងលិចបានសន្យាតិចជាង ១០០គ្រឿង។

ប្រទេសរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួននឹងកំណត់គោលដៅផ្នែកហាដវ៉ែររបស់យោធាលោកខាងលិច រួមទាំងយន្តហោះ F-16 ដែលត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Kyiv ។

កាលពីសប្តាហ៍មុន យោធារបស់ខ្លួនបានអះអាងថា បានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ុយក្រែនចំនួនបីក្នុងរយៈពេលជាច្រើនថ្ងៃ ដោយសារតែមានការព្រួយបារម្ភអំពីសមត្ថភាពរបស់ទីក្រុង Kyiv ក្នុងការការពារដែនអាកាសរបស់ខ្លួន នៅមុនពេលយន្តហោះ F-16 មកដល់៕

ប្រភព៖ AFP/fs